អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមជាមួយប្រទេសកូរ៉េខាងត្បូងនោះទេ ដោយលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ គឺផ្ទុយពីការនិយាយលើកឡើងរបស់សមភាគីកូរ៉េខាងត្បូង ខណៈភាពតានតឹងកំពុងផ្ទុះឡើងជាមួយប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាគ្នាអំពីសមយុទ្ធរួម ដែលអាចធ្វើទៅបានដោយប្រើប្រាស់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ខណៈមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចាត់ទុកកូរ៉េខាងត្បូងថាជាសត្រូវដែលពុំមានការសង្ស័យ។ លោក Biden និយាយនៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានថា តើលោកនឹងពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមជាមួយកូរ៉េខាងត្បូងដែរឬទេ លោកបានឆ្លើយថាទេ។ លោកទើបតែត្រលប់មកពីវិស្សមកាលនៅកោះ Virgin សហរដ្ឋអាមេរិក ជាកន្លែងដែលលោកត្រូវបានអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan។
ការអត្ថាធិប្បាយរបស់លោក Yoon នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការអំពាវនាវរបស់លោកសម្រាប់ «ការត្រៀមសម្រាប់សង្គ្រាម» ជាមួយនឹងសមត្ថភាពដ៏លើសលប់ បន្ទាប់ពីមួយឆ្នាំនៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដ៏ច្រើនបំផុតក្នុងកំណត់ត្រា និងការឈ្លានពានចូលដោយយានដ្រូនរបស់កូរ៉េខាងជើង មកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។ លោក Yoon បាននិយាយថា អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការបណ្តុះបណ្តាលនឹងធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ លោក Yoon និយាយថា ការធ្វើផែនការ និងសមយុទ្ធរួម មានបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវការរារាំងបន្ថែមរបស់សហរដ្ឋអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោនក៏មានភាពវិជ្ជមានផងដែរអំពីគំនិតនេះ។ ពាក្យថា «ការរារាំងបន្ថែម» មានន័យថា សមត្ថភាពរបស់យោធាអាមេរិក ជាពិសេសកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន នឹងទប់ស្កាត់ការវាយប្រហារមកលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន