អ៊ីតាលី៖ មនុស្សរាប់ម៉ឺននាក់បាននាំគ្នាមកកាន់ព្រះវិហារ St. Peter's Basilica កាលពីថ្ងៃចន្ទដើម្បីគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប Benedict ទី១៦ ដែលព្រះសពរបស់ព្រះអង្គកំពុងដាក់តម្កល់ នៅមុនពិធីបុណ្យព្រះសពក្នុងសប្តាហ៍នេះ។

សម្តេចប៉ាប Benedict ទី១៦ បានសោយទិវង្គតកាលពីថ្ងៃសៅរ៍ក្នុងព្រះជន្មាយុ ៩៥ព្រះវស្សាក្នុងទីអារ៉ាមនៅបូរីវ៉ាទីកង់ដ៏ស្ងប់ស្ងាត់មួយកន្លែង ដែលព្រះអង្គបានគង់នៅចាប់តាំងពីការលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០១៣។ ព្រះសពរបស់សម្តេចប៉ាប Benedict ត្រូវបានដង្ហែនៅមុនពេលព្រឹកព្រលឹម តាមសួនច្បារបូរីវ៉ាទីកង់ពីទីអារ៉ាមទៅកាន់កន្លែងមួយ នៅមុខទីសក្ការៈសំខាន់នៃព្រះវិហារធំបំផុតរបស់គ្រឹស្តសាសនា។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni និងប្រធានាធិបតីលោក Sergio Matarella ក៏បានចូលរួមជាមួយហ្វូងមនុស្សកាន់ទុក្ខនៅក្នុងព្រះវិហារ Saint Peter's Basilica កាលពីថ្ងៃចន្ទ ខណៈពួកគេបានគោរពដល់អតីតសម្តេចប៉ាប Benedict ទី១៦។ នាយករដ្ឋមន្ត្រី និងប្រធានាធិបតីបានចូលរួមដាច់ដោយឡែកពីគ្នាក្នុងពិធីតម្កល់ព្រះសព។ មេដឹកនាំទាំង២ បានចំណាយពេលមួយសន្ទុះនៅស្ងៀមគោរពវិញ្ញាណក្ខន្ធ មុនពេលស្វាគមន៍ និងចាប់ដៃអ្នកកាន់ទុក្ខផ្សេងទៀតពេលចេញដំណើរ៕
អត្ថបទ៖ ប៊ុនថន