ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាននិងបាញ់ទឹកលាងសម្អាតនៅតំបន់បេនឡានផ្សារថ្មី ដើម្បីឱ្យមាសសោភណ្ឌភាពឡើងវិញ ព្រោះនៅចំណុចនេះគឺចំកណ្ដាលទីក្រុងផងដែរ ដែលក្រុមអ្នករត់រថយន្តឈ្នួលបានចោលសំរាម និងបន្ទោសបង់ ធ្វើឱ្យជះក្លិន ដល់ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះ ។
សូមជម្រាបជូនថា ទីតាំងបេនឡានផ្សារថ្មីនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីមុនី្នវង្សកែងជាមួយនឹងផ្លូវលេខ១២៦ មូលដ្ឋានសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាល ខណ្ឌដូនពេញ បានឲ្យដឹងថា តំបន់នេះត្រូវបានពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះសំណូមពរមកអាជ្ញាធរ ឲ្យជួយរៀបចំសណ្ដាប់ធ្នាប់បរិស្ថានអនាម័យឡើងវិញ ។
លោក បានបន្ថែមថា មានក្រុមអ្នករត់រថយន្តឈ្នួល បានចតរថយន្តគ្មានសណ្ដាប់ធ្នាប់បង្ករមានការកកស្ទះ និងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ថែមទាំងបន្ទោសបង់ក្បែរៗកង់ឡានរបស់ខ្លួន បណ្ដាលឱ្យជះក្លិនដល់ការរស់នៅរបស់ពួកគាត់។ដូច្នេះនៅព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៣ ដោយមានការណែនាំពីលោក ជា ខេមា អភិបាលនៃខណៈអភិបាលខណ្ឌដូនពេញបានឲ្យលោក ចាប ឌីណា អភិបាលរងទទួលបន្ទុកសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បេនឡានផ្សារថ្មីនេះដើម្បីឲ្យមានសោភណភាពឡើងវិញ និងមានបាញ់ទឹកលាងសម្អាតនៅតំបន់នោះ ដែលក្រុមអ្នករត់រថយន្តឈ្នួលបានបន្ទោសបង់ និងចោលសំរាមជាដើម។
ជាចុងក្រោយអភិបាលរងសំណូមពរដល់ក្រុមអ្នករថយន្តឈ្នួលទាំងអស់សូមជួយចូលរួមសហការជាមួយនឹងអាជ្ញាធរ កុំចតរថយន្ត ជាពីរ បី ជួរលើផ្លូវ បង្ករការកក់ស្ទះ និងថែរក្សាអនាម័យបរិស្ថានឲ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕ អត្ថបទ៖ កុម្ភៈ







