ឧត្តរមានជ័យ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ថៃ តាមខេត្តជាប់បន្ទាត់ព្រំដែន ឱ្យកាន់តែមានភាពស្និតស្នាលបន្ថែមទៀត នាព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ដរមានជ័យ បានរៀបចំពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំថ្មី២០២៣ កម្ពុជា-ថៃ ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាំរួយ កេតគុន អភិបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពទាំងភាគីកម្ពុជា ថៃ ចូលរួមជាង៦០០នាក់ផងដែរ។
ក្នុងពិធីនោះឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ពិធីនេះរៀបចំឡើង គឺដើម្បីកិច្ចសហប្រតិបត្តិការល្អ ធ្វើឱ្យខេត្តព្រំដែនរក្សាទាំង២ បាននូវសុខសន្តិភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋដែល កំពុងរស់នៅ ជាប់បន្ទាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តម បន្តថា អ្វីៗអស់ទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរព្រមជាមួយនឹងអាជ្ញាធរ មូលដ្ឋាន ខេត្តជាប់ព្រំដែនឧត្តរមានជ័យ ស៊ីសាកេត សហការគ្នាបានល្អ ទើបធ្វើឱ្យមានការទំនាក់ទំនង នេះកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ស្ទើរគ្រប់វិស័យ រហូតដល់ បច្ចុប្បន្ននេះ។
យ៉ាងណាម៉ិញខេត្តយើងទាំងពីរ ក៏បានខិតខំយកចិត្តទុកដាក់រិះរករាល់វិធីសាស្រ្តល្អៗបន្ថែមទៀត ដើម្បីយកមកសហការគ្នា ឱ្យបានកាន់តែប្រសើរជាងនេះផងដែរ ពិសេសនោះការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា។
ជាមួយគ្នានោះឯកឧត្តម សាំរួយ កេតគុន អភិបាលខេត្តស៊ីសាកេត បានថ្លែងអំណអរគុណ ដល់អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលតែងតែសហការគ្នាបានយ៉ាងល្អជាប់ជាប្រចាំ ជាក់ស្ដែងនៅថ្ងៃនេះយើង បានប្រារព្ធពិធីរួមគ្នា សម្រេចបានជោគជ័យ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់បន្ទាត់ ព្រំដែននៃប្រទេសទាំងពីរ ៕អត្ថបទ៖ សារិទ្ធ








