បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញខ្លួនជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ប្រមាណ ២៥០០០នាក់នៅកីឡដ្ឋាន Mrsool Park។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានផ្លាស់មកកាន់ Al Nassr ផ្លូវការកាលពីថ្ងៃសុក្រ ក្រោយចាកចេញពីក្លិបបិសាចក្រហម Manchester United បន្ទាប់ពីកិច្ចសម្ភាសន៍រិះគន់ក្លិបខ្លួនឯង។

មុនសម្រេចចិត្តផ្ទេរមកកាន់ Al Nassr នេះអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះបាននិយាយថា គេបានទទួលសំណើពីក្លិបជាច្រើនជុំវិញពិភពលោករួមមានប្រេស៊ីល អូស្ត្រាលី អាមេរិក និងព័រទុយហ្កាល់ តែបានសម្រេចចិត្តមកកាន់ទីនេះដើម្បីការប្រកួតប្រជែងថ្មីមួយទៀតនៅលើទឹកដីអាស៊ី។ Ronaldo ត្រូវបានគេដឹងថា នឹងទទួលបានប្រាក់ឈ្នួលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រមាណជា ២០០លានដុល្លារក្នុងមួយឆ្នាំជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២៥។ ម្ចាស់ជ័យលាភី Ballon d’Or ៥លើករូបនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រអារ៉ាប៊ីសាអ៊ូឌីត។
គ្រូបង្វឹក Al Nassr លោក Rudi Garcia បានហៅការផ្លាស់របស់ Ronaldo ថាជារឿងអស្ចារ្យណាស់សម្រាប់បាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ហើយគោលដៅរបស់លោកនោះគឺនឹងធ្វើឱ្យ Ronaldo សប្បាយចិត្តនៅទីនេះ និងធ្វើឱ្យគាត់ពេញចិត្តនឹងការលេងបាល់នៅអាស៊ី និងឈ្នះពានបន្ថែមទៀតចូលក្នុងអាជីពរបស់គាត់។ Al Nassr នឹងត្រូវប្រកួតក្នុងលីគមួយប្រកួតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ខណៈ Ronaldo ថា ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះបើសិនគ្រូបង្វឹកគិតថា អាចដាក់គាត់ចូលលេងបាន។ Al Nassr កំពុងនាំមុខក្នុងតារាងជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ក្រោយលេងបាន ១១ប្រកួតមាន ២៦ពិន្ទុតាមពីក្រោយ ១ពិន្ទុដោយ Al-Shabab៕ អត្ថបទ៖នាង សុភាវុធ


