ចិន៖ រដ្ឋាភិបាលចិនបានលើកឡើងថា ការរឹតត្បិតការធ្វើដំណើរដែលត្រូវបានដាក់ដោយប្រទេសមួយចំនួន លើការមកដល់របស់អ្នកដំណើរចិនថា ជាការធ្វើតាមបែបនយោបាយ និងបានព្រមានថាខ្លួនអាចនឹងសងសឹកវិញ។

សហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេសស្ថិតក្នុងចំណោមបណ្ដាប្រទេស ដែលបានអនុវត្តន៍ការធ្វើតេស្តជាកាតព្វកិច្ចសម្រាប់ការមកដល់របស់ជនជាតិចិន។ ប្រទេសនេះបានរាយការណ៍ករណីឆ្លងវីរុស Covid -19 ហក់ឡើងខ្ពស់ ក្រោយការបន្ធូរបន្ថយការទប់ស្កាត់ការឆ្លងរាលដាលវីរុសដ៏តឹងរ៉ឹងរបស់ខ្លួន។ ហើយមានក្ដីបារម្ភថាករណីឆ្លង និងស្លាប់មិនត្រូវបានរាយការណ៍ឲ្យបានទូលំទូលាយ។ ការធ្វើបច្ចុប្បន្នភាពនៃករណីឆ្លងវីរុស Covid ប្រចាំថ្ងៃចុងក្រោយកាលពីថ្ងៃទី២៤ ខែធ្នូបានរាយការណ៍មានជាង ៥.០០០នាក់ ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួនអះអាងថា ករណីឆ្លងប្រចាំថ្ងៃមានជាង ២លាននាក់រួចទៅហើយ និងអាចកើនឡើងដល់ចំណុចខ្ពស់បំផុតជិត ៤លាននាក់នៅខែនេះ។
ចិនបានប្រកាសថា ខ្លួនបានកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសចាប់ពីថ្ងៃទី៨ មករា ដែលធ្វើឲ្យប្រទេសមួយចំនួនប្រកាសការធ្វើតេស្តរកវីរុស Covid-19 លើការមកដល់របស់ជនជាតិចិន។ ទោះយ៉ាងណាក៏ដោយអ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយថា រដ្ឋាភិបាល “ប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរៀបចំវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត សម្រាប់គោលបំណងនយោបាយ ហើយនឹងចាត់វិធានការឆ្លើយតប យោងទៅតាមគោលការណ៍បដិការ ឬការឆ្លើយតបវិញ៕
អត្ថបទ៖ សុខមាន