រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយអ៊ុយក្រែននៅថ្ងៃឆ្នាំថ្មីលើទីក្រុង Makiivka ស្ថិតនៅក្នុងដែនដីភាគខាងកើតរបស់អ៊ុយក្រែន គ្រប់គ្រងដោយរុស្ស៊ីបានកើនឡើងដល់ ៨៩នាក់។

លោកឧត្ដមសេនីយ៍ Sergei Sevryukov បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមវីដេអូ ដែលបានបញ្ចេញដោយក្រសួងការពារជាតិរុស្ស៊ីថា ចំនួនអ្នកស្លាប់នៃសមមិត្តរបស់យើងបានកើនឡើងដល់ ៨៩នាក់។ លោកបានបន្ថែមថា សាកសពបន្ថែមទៀតត្រូវបានរកឃើញក្រោមគំនរកម្ទេចថ្មី។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា មូលហេតុចម្បងនាំឲ្យមានការវាយប្រហារ បណ្ដាលមកពីទាហានប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានការអនុញ្ញាត។
ក្រសួងដដែលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាច្បាស់ហើយថា ហេតុផលចម្បងសម្រាប់អ្វីដែលបានកើតឡើងគឺការបើក និងការប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនដ៏ច្រើន ផ្ទុយពីការហាមឃាត់ដែលធ្វើឲ្យធ្លាក់សេវាដល់អាវុធសត្រូវ។ ក្រុមអ្នកជាតិនិយម និងអ្នកនយោបាយរុស្ស៊ីបានទាមទារឲ្យដាក់ទោសក្រុមមេបញ្ជាការកងទ័ព ដោយចោទប្រកាន់ពួកគេពីបទមិនខ្វល់ខ្វាយពីគ្រោះថ្នាក់ ខណៈកំហឹងពុះពោរខ្លាំងនៅក្នុងប្រទេសរុស្ស៊ីជុំវិញការស្លាប់ដ៏ច្រើន មួយក្នុងចំណោមការវាយប្រហារសម្លាប់រង្គាលបំផុតជាច្រើនក្នុងសង្គ្រាមអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន