ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ នៅអគារទីស្នាក់ការកណ្តាលលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលអំណោយអាវរងាចំនួន១ពាន់អាវពីក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល ក្នុងគោលបំណងចូលរួមចំណែក ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានចំពោះទឹកចិត្តរបស់ក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល ដែលបានបរិច្ចាគអាវរងាចំនួន១ពាន់អាវ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌នៅក្នុងឱកាសរដូវរងានេះ។
លោកជំទាវ បានឱ្យដឹងថា អាវរងា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលាក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាទទួលរងនូវការធ្លាក់ចុះសីតុណ្ហភាពត្រជាក់។ ដូច្នេះអំណោយទាំងអស់នេះគឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ពិសេសចាស់ជរា។
លោកជំទាវ បានសន្យាថា នឹងនាំយកអាវរងាទាំងអស់នេះ ជូនទៅដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ជាពិសេសនៅប៉ែកខាងខេត្ត មណ្ឌលគិរី និងរតនគិរី ដែលជាតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងក្នុងពេលឆាប់ខាងមុខនេះ។
លោកជំទាវ បន្ដថា ជារៀងរាល់ឆ្នាំរៀងមក សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដំណើរការបាន គឺដោយសារការចូលរួមបរិច្ចាគ ពីសប្បុរសជនមកពីគ្រប់ទិសទី ជាពិសេសក្នុងឱកាសទិវា៨ឧសភា ដែលកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងគ្រប់សាខាទាំងអស់ តែងតែធ្វើការកៀងគររកជំនួយពីសប្បុសជននានា សម្រាប់ទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់ ជាពិសេជួយទៅដល់ អង្កការកុមារកំព្រារ មន្ទីរពេទ្យគន្ធបុប្ផា ជាដើម។ល។
លោកជំទាវ បញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាលបានធូរច្រើន ក្នុងការចែករំលែកជំនួយទៅដល់សាខា។ ព្រោះថាបច្ចុប្បន្នសាខាភាគច្រើនគឺមានសមត្ថភាព អាចជួយខ្លួនឯងបានច្រើន ដោយមិនចាំបាច់ពឹងថ្នាក់កណ្តាល ក្នុងជួយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលត្រូវការជំនួយគ្រោះបន្ទាន់។
ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ អគ្គលេខាធិការរងទី១ បានបញ្ជាក់ថាការប្រារព្ធទិវា៨ឧសភាឆ្នាំនេះ មិនបានប្រារព្ធពិធីធំនៅទីស្នាក់ការកណ្តាលទេ។ ដោយឆ្នាំនេះ កាកបាទក្រហមកម្ពុជា ជាប់ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកាកបាទក្រហម អាស៊ាន ២០២៣ និងកម្មវិធីជាច្រើនទៀតដូចកីឡាស៊ីហ្គែមជាដើម។ តែការទទួលជំនួយបរិច្ចាគពីសប្បុសជននានា ដែលបំណងចូលរួម គឺនៅទទួលដដែល ធ្វើដូចឆ្នាំ២០២១ និង២០២២កន្លងមកនេះ។
សូមបញ្ជាក់ថាក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល បានចូលរួមបរិច្ចាគអំណោយមនុស្សធម៌ជូន កាកបាទក្រហមកម្ពុជា បានចំនួន៣លើកមកហើយ ទី១នៅឆ្នាំ២០១៨ ទី២ឆ្នាំ២០២០ និងទី៣នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ សំ ងីម





