សៀងហៃ៖ គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យក្រុងសៀងហៃ បង្ហើបឲ្យដឹងពីគ្រោះអាសន្ននៃការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិន ខណៈដែលលោកប៉ាន់ប្រមាណថា យ៉ាងហោច ៧០ភាគរយនៃពលរដ្ឋក្នុងទីក្រុងមួយនេះបានឆ្លងវីរុស។

លោក Chen Erzhen គឺជាអនុប្រធានមន្ទីរពេទ្យ Ruijin និងជាសមាជិកគណៈក្រុមប្រឹក្សាយោបល់អ្នកជំនាញជំងឺ COVID-19 របស់ទីក្រុងសៀងហៃបានប៉ាន់ប្រមាណថា យ៉ាងហោច ៧០ភាគរយនៃប្រជាពលរដ្ឋ ២៥លាននាក់រស់នៅក្នុងទីក្រុងមួយនេះបានឆ្លងវីរុស បន្ទាប់ពីដកចេញគោលនយោបាយជំងឺ COVID-19 កម្រិតសូន្យនៅប្រទេសចិន។ លោកបាននិយាយប្រាប់កាសែតរដ្ឋចិន People’s Daily ថា បច្ចុប្បន្នការរីករាលដាលឆ្លងវីរុសនៅក្នុងទីក្រុងសៀងហៃមានទំហំធំធេងខ្លាំងណាស់ ហើយវាអាចនឹងឈានដល់ចំនួន ៧០ភាគរយនៃពលរដ្ឋ ពោលគឺជាចំនួនច្រើនជាង ២០ ទៅ ៣០ដងនៃករណីឆ្លងកាលពីខែមេសា និងខែឧសភា។

លោកបន្តថា មន្ទីរពេទ្យរបស់លោកទទួលអ្នកសង្គ្រោះបន្ទាន់រហូតដល់ ១.៦០០នាក់ក្នុង ១ថ្ងៃៗ ពោលគឺកើនឡើងទ្វេដងច្រើនជាងមុនពេលដកចេញវិធានការរឹតត្បិត ហើយរថយន្តគិលានសង្គ្រោះជាង ១០០គ្រឿងធ្វើដំណើរមកដល់មន្ទីរពេទ្យជារៀងរាល់ថ្ងៃ ខណៈដែលពាក់កណ្ដាលនៃអ្នកជំងឺរងហានិភ័យខ្ពស់មានវ័យលើសពី ៦៥ឆ្នាំ៕
អត្ថបទ៖ សារ៉ាត់