បាល់ទាត់៖ ការចូលរួមជាមួយព្រះខ័នរាជស្វាយរៀងជាង ៣ឆ្នាំមកនេះធ្វើឲ្យ សួន សុវណ្ណ ទទួលបានបទពិសោធន៍ និងរីកចម្រើនច្រើនទាំងបច្ចេកទេស និងឱកាសល្អៗនានា។ គេលើកឡើងថា បានការជ្រោមជ្រែងច្រើនពីគ្រូៗ និងមិត្តរួមក្រុមទើបអាចអភិវឌ្ឍខ្លួនបាន ដល់កម្រិតជាទីពេញចិត្តដូចសព្វថ្ងៃ។

សួន សុវណ្ណ រៀបរាប់ថា “៖តាំងពីចូលស្វាយរៀង មើលឃើញថា រីកចម្រើនច្រើនមានទាំងបច្ចេកទេស, កម្លាំង, កាយសម្បទា, ប្រាក់ខែ និងចំណុចល្អៗជាច្រើនទៀត។ ដូចដឹងស្រាប់ហើយថា ដំបូងស្វាយរៀងមិនសូវនាំចូលកីឡាករក្នុងស្រុកពីក្លិបផ្សេងទេ ភាគច្រើនគឺដំឡើងពីក្រុមយុវជនក្លិបខ្លួនឯង។ ប៉ុន្តែពេលលោកគ្រូ Conor ចូលកាន់គាត់ក៏នាំយករូបគេដែរ។ ទៅដំបូងៗក៏មិនទាន់បានលេងភ្លាមទេ តែដោយសារមានកីឡាករជាប់ពិន័យច្រើន គេមានឱកាសចូលលេង និងដូរចូលខ្លះៗ ពេលបានលេងច្រើន កាន់តែយល់ពីបច្ចេកទេស និងរបៀបលេង ហើយគ្រូក៏ចាប់ផ្ដើមមានទំនុកចិត្ត ហើយកាន់តែប្រឹងប្រែងថែមទៀតដែរ អ៊ីចឹងក៏មានឱកាសបានលេងកាន់តែច្រើន។
កីឡាករសួន សុវណ្ណ ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១៦ នៅស៊ីម៉ាក់យូណាយធីត និងចូលរួមជាមួយវេស្ទើនភ្នំពេញក្នុងជុំទី២ រដូវកាល២០១៧។ ក្លិបចាស់ទាំង ២ ក៏ជាចំណែកដ៏សំខាន់ដែរក្នុងអាជីពបាល់ទាត់របស់គេដែរ។ កាលឆ្នាំ២០១៩ សួន សុវណ្ណ ត្រូវបានកោះហៅចូលបញ្ជីបឋមជម្រើសជាតិកម្ពុជា។ ទោះមិនបានឈានដល់បញ្ជីចុងក្រោយ កីឡាករមានកំណើតនៅខេត្តស្ទឹងត្រែងនៅតែរីករាយ និងចាត់ទុកជាបទពិសោធន៍ដ៏ល្អក្នុងអាជីព៕
អត្ថបទ៖ គង់ ហួន