ភ្នំពេញ៖ ថ្ងៃ៧ ខែមករា ត្រូវបានប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់ថាជាទិវាជ័យជម្នះ ជាថ្ងៃរំដោះជីវិតប្រជាពល រដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ផ្ដើមពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ មើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាជាបន្តបន្ទាប់ ដែលនាំមកនូវភាពសុខសាន្តដល់ពលរដ្ឋកម្ពុជាគ្រប់រូប ។
ថ្ងៃទី៧ ខែមករា នេះគឺជាគម្រប់ខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះក្នុងការផ្ដួលរំលំរបបប្រល័យពូជ សាសន៍ខ្មែរក្រហម ដោយរំដោះជីវិតប្រជាពលរដ្ឋពីការរស់នៅក្នុងភាពងងឹតភ័យខ្លាចពីការកាប់សម្លាប់។ ថ្ងៃ ៧មករា ទោះកន្លងទៅជាង៤០ឆ្នាំយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ ដែលឆ្លងកាត់របប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅតែចងចាំ ផ្ដល់តម្លៃដល់ថ្ងៃ៧មករាជាទីបំផុត។ ការផ្ដល់តម្លៃនេះ ព្រោះពួកគេចាត់ទុក ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយពីថ្ងៃជ័យជម្នះ៧មករា គឺកម្ពុជាចាប់ផ្ដើម ពីបាទដៃទទេ។ ការចាប់ផ្ដើមដោយគ្មានអ្វីទាំងអស់ ឈានដល់ការអភិវឌ្ឍជាបន្តបន្ទាប់រហូតកម្ពុជាមាន សព្វថ្ងៃ ហើយនឹងបន្តរីកចម្រើននាពេលអនាគត។
ពួកគេជាពលរដ្ឋ ពិតជាពេញចិត្តចំពោះសន្តិភាព ភាព រីកចម្រើន ដែលកម្ពុជាមានសព្វថ្ងៃ ហើយជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តដឹកនាំនាវាកម្ពុជា ទៅរកភាព កាន់តែថ្កុំថ្កើន។ របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបមួយ ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ដោយសារភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង ការបំបិទសេរីភាព ភាពភ័យខ្លាចសព្វបែបយ៉ាង និងការសម្លាប់ដោយព្រៃផ្សៃ។
តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋប្រមាណជិត៣លាននាក់ បានស្លាប់បាត់បង ជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ប៉ុល ពត។
កម្ពុជា បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ពិតយ៉ាងណាក្ដី តែសង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត រហូតឆ្នាំ១៩៩៨។
ការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ការទទួលបានសន្តិភាពពេញលេញ គឺនៅចុងឆ្នាំ ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕អត្ថបទ៖ គឹម ហុក