ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បន្ទាប់ពីពាក់ព័ន្ធនៅក្នុងករណីហិង្សារហូតឈានដល់បាញ់បោះ និងបង្កស្នាមរបួសដល់មនុស្ស០៣នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមលោកអនុសេនីយ៍ឯក អ៊ុន ផុស នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌនៃប៉ុស្តិ៍រដ្ឋបាលគោករកា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលភាគីពីរនាក់បង្កហិង្សារហូតឲ្យជនបង្កដែលកាន់កាប់អាវុធឈានដល់ផ្ទុះអាវុធមួយគ្រាប់ ប្រើប្រាស់អាវុធម៉ាក់lock ដើម្បីគំរាម។ ក៏ប៉ុន្តែជាអកុសលបាញ់មួយគ្រាប់សំដៅទៅផ្លូវបេតុងបណ្ដាលឱ្យបំណែកបេតុងខ្ទាតទៅត្រូវ ក្មេងៗចំនួនបីនាក់ដែលកំពុងអង្គុយលេងក្បែរនោះ។
លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងថា មុនឈានដល់ករណីហិង្សានិងផ្ទុះអាវុធនេះដំបូងឡើយគឺយុវជនពីរនាក់ដែលត្រូវបាននគរបាលឃាត់ខ្លួនដែរនោះចោទទៅលើបុរសម្នាក់ដែលជាមន្រ្តីយោធាមានអាវុធ ថាយកដបទឹកសុទ្ធគប់ទៅលើពួកគេ ពេលនោះបុរសដែលកាន់កាប់អាវុធឆ្លើយថាមិនដឹងនោះទេ ស្រាប់តែបុរសពីរនាក់នោះហក់ទៅបង្កហិង្សារហូតឱ្យបុរសកាន់អាវុធសម្រេចចិត្តបាញ់មួយគ្រាប់ចុចទៅផ្លូវបេតុងដើម្បីគំរាម។
សូមបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងមួយក្រុមអង្គុយលេងហ្គេមតាមទូរស័ព្ទដៃ នៅចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ដើរមកជិតរួចប្រើអោយទៅទិញអីវ៉ាន់ (គ្រឿងញៀន) តែក្មេងៗទាំងនោះបដិសេធ មិនព្រមទៅតាមបញ្ជា ជនសង្ស័យក៏បានដើរទៅវិញបាត់។
ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងរងគ្រោះ បានឲ្យដឹងថា ខ្លួនបានទៅផ្ទះ រួចត្រឡប់មកទិញអីញាំ ស្រាប់តែប្រទះឃើញជនបង្ក ឈ្លោះគ្នាជាមួយក្មេងៗឯទៀត ខ្លួនក៏ដើរចេញ ភ្លាមៗនោះជម្លោះកាន់តែខ្លាំង ធ្វើអោយជនបង្កខឹងដកកាំភ្លើងបាញ់មួយគ្រាប់ទៅដី បណ្តាលឲ្យខ្ទាតត្រូវក្មេងៗ ដែលកំពុងលេងសប្បាយជុំគ្នានៅក្នុងភូមិ ចំនួន០៥នាក់ រួមទាំងខ្លួនម្នាក់ សរុប០៦នាក់ របួសធ្ងន់៣នាក់ និងស្រាល៣នាក់។
តាមសម្តីក្មេងរងគ្រោះ បានបន្ថែមថា កន្លងមកជនបង្ក ធ្លាប់បានដកកាំភ្លើង ភ្ជង់គំរាមគេរួចម្តងមកហើយ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




