អាមេរិក៖ មេដឹកនាំក្រុមសាធារណរដ្ឋលោក Kevin McCarthy ទទួលរងបរាជ័យម្តងហើយម្តងទៀត ក្នុងការប៉ុនប៉ងរបស់លោកក្លាយជាប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។

សភាលើកវារកាលដោយគ្មានប្រធានកាលពីយប់ថ្ងៃអង្គារ គឺជាលើកដំបូងចាប់តាំងពីឆ្នាំ១៩២៣ ដែលពួកគេមិនអាចជ្រើសរើសមេដឹកនាំបាន ក្រោយការបោះឆ្នោតជុំដំបូង។ ការចាប់ផ្តើមសភាថ្មីត្រូវបានគេសន្មតថា ជាជ័យជំនះមួយសម្រាប់គណបក្សសាធារណរដ្ឋ ខណៈដែលពួកគេគ្រប់គ្រងសភា បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ តែផ្ទុយទៅវិញលោក McCarthy ប្រឈមនឹងការបះបោរពីជួរគណបក្សខ្លួនឯងទៅវិញ ហើយនឹងបង្កើតប្រវត្តិសាស្ត្រសម្រាប់ហេតុផលខុស។
សមាជិកសភាមកពីរដ្ឋ California រូបនេះបានចាញ់ការបោះឆ្នោត ៣លើកជាប់ៗគ្នាសម្រាប់តំណែងប្រធានសភាមកទល់នឹងពេលនេះ ហើយគេនៅពុំទាន់ដឹងច្បាស់នោះទេថា តើអ្វីទៅជាផ្លូវអាចឆ្ពោះទៅរកជ័យជំនះរបស់លោក ពេលដែលសភាវិលត្រឡប់មកជួបជុំគ្នាវិញនៅថ្ងៃពុធនេះ ដើម្បីព្យាយាមសាកល្បងម្តងទៀត។ ពួកគេនៅតែបន្តបោះឆ្នោតបែបនេះរហូតដល់នរណាម្នាក់ឈ្នះសំឡេងភាគច្រើន៕
អត្ថបទ៖ សារ៉ាត់