ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ការបង្ក្រាបបទល្មើសគ្រឿញៀន មានការកើនឡើងជាងឆ្នាំ២០២១ សមត្ថកិច្ចពាក់ព័ន្ធ នឹងពង្រឹងវិធានការទប់ស្កាត់ការជួញដូរគ្រឿងញៀនកាន់តែខ្លាំងបន្ថែមទៀត នៅឆ្នាំ២០២៣ ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានប្រាប់BTVនៅថ្ងៃនេះថា ជាលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ ឆ្នាំ២០២២ ការបង្ក្រាបគ្រឿងញៀន មានជាង៦ពាន់ករណី កើនឡើងជាង ៤០ករណី ប្រៀបធៀបនឹងឆ្នាំ២០២១, កាចាប់យកសាធាតុញៀនមានទម្ងន់ជាង ១៤តោន កើនឡើងជាង ១០តោន ធៀបនឹងឆ្នាំ២០២១ និងឃាត់ខ្លួនជនសង្ស័យមានជាង ១ម៉ឺននាក់ជាដើម ។
នាយកឧត្តមសេនីយ៍ បានបញ្ជាក់ថា ការកើនឡើងនៃការជួញដូរគ្រឿងញៀននៅឆ្នាំ២០២២ គឺ ដោយសារក្រុមឧក្រិដ្ឋជនអន្តរជាតិ បានលបលួចទឹកដីកម្ពុជា ជាមូលដ្ឋានធ្វើការចរាចរគ្រឿងញៀនឆ្លង កាត់ដើម្បីឆ្ពោះទៅរកប្រទេសទី៣ ។
ដើម្បីទប់ស្កាត់ជួញដូរគ្រឿងញៀនក្នុងឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើក ឡើងពីផែនការសំខាន់រួមមាន៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបន្តអនុវត្តគោលនយោបាយ ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនរបស់រាជរដ្ឋាភិបាល, អាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើទៅរាជរដ្ឋាភិបាល ពីគោលនយោបាយថ្មីមួយទៀត គឺការបង្កើតកសាងភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមខេត្តជាប់ព្រំដែន និងការបំពេញបន្ថែមចំណុចខ្វះខាតនៅឆ្នាំ២០២២ជាដើម៕អត្ថបទ៖ ទូច សោភ័ណ

