កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរីករាយសាទរ ខណៈសមិទ្ធិផលថ្មីទាំងផ្លូវ ទាំងលូ និងលូប្រអប់ ត្រូវបានកសាងតភ្ជាប់ពីផ្លូវជាតិលេខ៥ មកកំពង់ទឹកភូមិកំពង់ប្រាសាទ ដែលផ្លូវ១ខ្សែនេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋរវាងស្រុកជលគីរី ស្រុកកំពង់ត្រឡាច ក៏ដូចជាក្រុងកំពង់ឆ្នាំងផងដែរ។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ពីមុន ផ្លូវ១ខ្សែនេះមានភាពលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ ដោយក្នុងរដូវភ្លៀងមានជង្ហុគច្រើនបែកភក់ស្ទើរគ្រប់កន្លែង ដល់ខែប្រាំងដីហុយទ្រុបតែម្តង និងការធ្វើចរាចរណ៍មានការយឺតយ៉ាវបំផុត។ ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់សមិទ្ធិផលថ្មី គឺមានផ្លូវបេតុង ផ្លូវកៅស៊ូ លូប្រអប់ និងលូអមសងខាងផ្លូវជាច្រើនទៀត ដោយត្រូវកសាងចាប់ពីផ្លូវជាតិលេខ៥ រហូតដល់កំពង់ទឹកភូមិកំពង់ប្រាសាទ។ ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាចបានរីករាយ សាទរនឹងសមិទ្ធផលថ្មីនេះយ៉ាងខ្លាំង។
ក្នុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ផ្លូវកំពុងសាងសង់នេះ ជាផ្លូវមួយដែលប្រជាពលរដ្ឋ ប្រជាកសិករ ដឹកទំនិញកសិផល និងសេដ្ឋកិច្ចយ៉ាងមមាញឹកបំផុត ដែលកន្លងមកផ្លូវ១ខ្សែនេះ អាជ្ញាធរខេត្តបានជួសជុលជាប្រចាំ ដើម្បីសម្រួលការធ្វើដំណើរ ។ ផ្លូវនេះត្រូវបានសាងសង់ដោយគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា(NRRPCP) វាជាគម្រោងថ្មីមួយដែលមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត គឺមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តជាបន្ទាន់ ក្នុងគោលបំណងបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ជាពិសេសស្ដារជីវភាពរបស់ប្រជាជននៅជនបទឲ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន នឹងកំពុងឡើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩អស់រយៈពេលជាងពីរឆ្នាំ រហូតដល់បច្ចុប្បន្ន ។ ផ្លូវដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៥ ៧៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៥ ចាប់ពីភូមិក្បាលថ្នល់ ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ។ ក្នុងនោះប្រវែង៣ ៣៨០ម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST និងប្រវែង២ ៣៦៤ម៉ែត្រជាផ្លូវបេតុង និងសំណង់សិល្បការ្យរួមមាន លូប្រអប់៣កន្លែង លូមូលកាត់ទទឹងផ្លូវ៨កន្លែង លូមូលកាត់ផ្លូវបំបែក១៩កន្លែង លូដោះទឹកអក្សរអ៊ុយតាមបណ្ដោយផ្លូវប្រវែង១ ៣៦៩ម៉ែត្រ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន៦៩កន្លែង គំនូសអក្សផ្លូវ និងគំនូសឆ្លងកាត់ផ្លូវចំនួន ៤ កន្លែង៕ ដោយ ៖ ហុង វាស្នា










