ភ្នំពេញ៖ កម្ពុជាបាននាំចេញស្រូវបានចំនួន ៣,៤លានតោន និងអង្ករបាន ៦៣ម៉ឺនតោន ដោយរកចំណូលសរុបបានជាង ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស។
ប្រទេសចិនរួមទាំងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជា ដោយមានបរិមានបានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% តាមពីក្រោយដោយ ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ។
ការនាំចេញអង្ករទៅកាន់ទីផ្សារនៃប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ មានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន។ តម្លៃសរុបនៃការនាំចេញអង្ករ មានចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។
ដោយឡែក សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម បានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ វណ្ណៈ
