ភ្នំពេញ៖ អាណាព្យាបាលនៅតាមបណ្តាខេត្តរាជធានី បន្តនាំកូនតូចៗ ទៅព្យាបាលជំងឺផ្តាសាយ ក្តៅខ្លួន រលាកទងសួតជាដើម នៅមន្ទីពេទ្យគន្ធបុប្ផា បន្តកើនឡើង ខណៈរដូវត្រជាក់ធ្លាក់ខ្យល់បន្តអូសបន្ថាយនេះ មន្ទីរគន្ធបុប្ផាភ្នំពេញនិងសៀមរាប បានទទួលកុមារតូចចូលពិនិត្យព្យាបាលមានជាង ៦ម៉ឺននាក់។
ពលរដ្ឋនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែមករានេះថា នៅក្នុងអំឡុងពេលអាកាសធាតុកំពុងធ្លាក់ខ្យល់ចុះត្រជាក់នេះ សំគាល់ឃើញថា នៅតាមភូមិឋាន ភាគច្រើនគឺមានក្មេងតូចៗបានកើកជំងឺផ្តាសាយ ហៀរសំបោរ ក្តៅខ្លួន រាគ ហើយភាគច្រើនក្មេងដែលឈឺមានអាការៈធ្ងន់ ត្រូវបានអាណាព្យាបាលនាំមកព្យាបាលមន្ទីរពេទ្យបុប្ផារាជធានីភ្នំពេញនេះ។
តាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ចុងក្រោយនេះ មានមន្ទីរពេទ្យបានទទួលកុមារចូលពិនិត្យ និងព្យាបាលជំងឺមានជិត ៦២០០០នាក់ ក្នុងនោះមានកុមារជាតិ ជិត១២០០០នាក់ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ គ្រុនឈាមមានប្រមាណ ៥០៤នាក់ និងវះកាត់ មាន១១១៥នាក់។
យ៉ាងណាក៏ដោយ តាមការណែនាំពីលោកគ្រូពេទ្យ ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយរលំ ក្រុងតាខ្មៅ នៅក្នុងអំឡុងពេលអាកាសធាតុកំពុងចុះត្រជាក់នេះ សំគាល់ឃើញថា មានពលរដ្ឋជាពិសេសកុមារតូច កើតជំងឺជាច្រើន ដូចជាគ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក សួត ក្អក បានមកទទួលសេវាព្យាបាលច្រើនជាងគេ ហើយនឹងអាចកើនឡើងកាន់តែថែមទៀត នៅពេលអាកាសធាតុត្រជាក់ផ្លាស់ប្តូរជាក្តៅវិញនៅពេលខាងមុខនេះ។
តាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម ថាស្ថានភាពអាកាសធាតុធ្លាក់ខ្យល់ត្រជាក់នោះ នឹងបន្តអូសបន្លាយរហូតថ្ងៃទី១០ខែមករានេះ ខណៈចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ហើយពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករានេះ កម្ពុជា នឹងបន្តទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលបង្កមានសីតុណ្ហភាពនៅតំបន់ខ្ពង់រាបមានពី១៨ទៅ២១អង្សាសេ និងតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពមានពី២១ ទៅ២៤អង្សាសេ៕ អត្ថបទ៖ ស៊ុម សុខជា