កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិង អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងនាំយកនូវបច្ច័យប្រគេនព្រះសង្ឃ នៅវត្តព្រះវិហារក្នុង ស្ថិតនៅ ឃុំកោះថ្កូវ ស្រុកជលគិរី ។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានមានប្រសាសន៍បញ្ជាក់ថា ស្រុកជលគិរី គឺជាស្រុកដែលកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២២កន្លងទៅនេះ ស្រុកជលគិរី បានទទួលអនុវត្តគម្រោងនានាជាច្រើនដើម្បីឆ្លើយតបទៅតំរូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។
លោក អភិបាលស្រុក បានឱ្យដឹងទៀតថា វត្តព្រះវិហារក្នុង គឺជាវត្តមួយដែលកំពុងតែធ្វើការកសាងនូវព្រះវិហារមួយសម្រាប់ពុទ្ធសាសនិកជន នៅក្នុងមូលដ្ឋាននេះមកគោរព ប្រតិបត្តិព្រះពុទ្ធសាសានា ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅស្រុកជលគិរី គឺបានកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ នៅឆ្នាំ២០២២កន្លងទៅនេះ គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការសាងសង់ស្ពានព្រែកល្វាដែលស្ពាននេះជាស្ពានមួយដែលអាចភ្ជាប់ផ្លូវសេដ្ឋកិច្ចដ៍សំខាន់របស់អ្នកស្រុកជលគិរី ។ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ នឹងអនុវត្តគម្រោងសាងសង់ស្ពានចំនួន៦បន្ថែមទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំមូលដ្ឋាននាពេលនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែបានគិតគូយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ស្រុកជលគិរី មិនមែនជាស្រុកដែលនៅឆ្ងាយដូចពេលមុនទៀតនោះទេ ដោយសារបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលតាម រយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្ពាន ផ្លូវថ្នល់ សាលារៀន ផដែរ ។ ហើយកន្លងទៅនេះបានកាត់ឆ្វៀលដីតំបន់បី នៅតំបន់ជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់បានស្របច្បាប់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនបច្ច័យដល់ព្រះសង្ឃនៅព្រះវិហារក្នុងចំនួន២៨លានរៀល និង ចែកអំណោយជាអង្កនិងថវិកាដល់គ្រួសារពិការដៃពិការដៃទាំងសងខាង និង អញ្ជើញពិនិត្យអំពីដំណើរសាងសង់ស្ពានព្រែកល្វាស្ថិតនៅឃុំកោះថ្កូវស្រុកជលគិរី ៕ ដោយ ៖ ហុង វាស្នា






