
អន្ដរជាតិ៖ យោងតាមការអះអាង របស់ក្រសួងការពារជាតិម៉ិកស៊ិក បានឲ្យដឹងថា ម៉ិកស៊ិក បានបញ្ជូនមន្រ្តីយោធា ២០០នាក់ទៅកាន់ទីក្រុងព្រំដែន Ciudad Juarez ជាប់សហរដ្ឋអាមេរិក ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មនៅទីនោះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកើតអំពើកុបកម្មស្លាប់មនុស្សនៅក្នុងពន្ធនាគារ ហើយការតាមចាប់អ្នកទោសហែកគុកដែលរត់គេច កំពុងធ្វើឡើង។
រយៈពេលប៉ុន្មានម៉ោងក្រោយមើលឃើញឆ្មាំគុក និងអ្នកទោសត្រូវបានសម្លាប់នៅក្នុងកុបកម្ម និងការហែកគុកចំថ្ងៃចូលឆ្នាំសកល ប្រធានគុកលោក Alejandro Alverado ត្រូវបានបណ្តេញចេញពីតំណែង។ ក្រុមរដ្ឋអាជ្ញារដ្ឋ Chihuahuaនិយាយថា លោក Alverado មិនត្រឹមតែត្រូវបណ្តេញពីមុខតំណែងប៉ុណ្ណោះ តែរូបលោក និងមន្រ្តីជាប់ពាក់ព័ន្ធផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់លទ្ធភាពនៃការជាប់ពាក់ជាមួយនឹងការហែកគុកនេះ៕
