ភ្នំពេញ៖ ក្រុមអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) បានសម្តែងការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់អាណត្តិបន្តបន្ទាប់ និងបង្ហាញការគាំទ្រដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនសម្រាប់ប្រទេសកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
នេះជាការលើកឡើងរបស់ក្រុមសហជីព នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ ៧មករា នៅព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍ ថា ដោយសារគុណរំដោះ ៧មករា ក្រោយការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងគណបក្សប្រជាជន ធ្វើឲ្យប្រទេសកម្ពុជា មានសិទ្ធិសេរីភាព មានការរស់នៅ មានការហូបចុកបានធម្មតា ដូចប្រជាជនប្រទេសដទៃ ហើយជាពិសេស គឺសហជីពបានរស់ឡើងវិញក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
ស្របគ្នាខាងលើនេះ លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា មូលហេតុដែលនៅតែគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយសារភាពដឹកនាំប្រទេស បានឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ដោយសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ និងប្រជាជន។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈចលនាសហជីព នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ក្នុងឱកាសអញ្ញើញចូលរួមជាគណៈអធិបតីក្នុងពិធីខាងលើ បានមានប្រសាសន៍ថា កាពិត បើគ្មានថ្ងៃ៧មករា ក៏យើងគ្មានគ្រប់យ៉ាងដូចសព្វថ្ងៃនេះដែរ ប៉ុន្តែ ដោយសារការដឹកនាំដ៏ឈ្លាសវៃដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ជាមួយនឹងការផ្សារភ្ជាប់រួមសុខរួមទុក្ខ និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជននៅគ្រប់កាលៈទេសៈ ទើបធ្វើឲ្យសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជូនជាតិ និងប្រជាជន៕ អត្ថបទ៖ បូរ៉ាវី






