
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃស្អែក ជាខួប ៤៧ឆ្នាំ នៃថ្ងៃរៀបការ(៥ មករា ១៩៧៦-៥ មករា ២០២៣)។ យោងតាមទំព័រFacebook ផ្លូវការការសម្តេចនៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣មានខ្លឹមសារថា “ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូ ដើម្បីការរស់រានមានជិវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ”។
សម្តេចបន្តថា “យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះឡើយ បើប្រៀបជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថា យើងមានកូន និងចៅចំនួនច្រើន ដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ”។
សម្តេចតេជោបញ្ជាក់ថា មេរៀនបានបង្ហាញថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់ យោគយល់ឲ្យគ្នា ឬអត់? បែកបាក់ ឬស្ថិតស្ថេរ ស្ថិតនៅលើចំណុចនេះហើយ៕


