
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសម្រេចផ្អាកការដ្ឋានសំណង់ផ្ទះត្រចៀកកាំរបស់លោកឧកញ៉ា គា ធី ដោយបន្តរកឃើញបទល្មើសពាក់ព័ន្ធនឹងសកម្មភាពចាក់ដីចូលចំណីមាត់ព្រែកស្រែអំបិល។
បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងសំណង់ត្រចៀកកាំ ដែលស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាឱ្យផ្អាកការសាងសង់ជាដាច់ខាតនូវសំណង់ត្រចៀកកាំមួយកន្លែងរបស់ លោកឧកញ៉ា គា ធី ដែលគេស្គាល់ថា អ្នកមានអំណាចម្នាក់នៅស្រុកស្រែអំបិល ដោយម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោកអភិបាលរងខេត្ត ឱ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ទៀតថា ប្រសិនបើក្នុងរយៈពេល១សប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។
អាជ្ញាធរខេត្ត ក៏តម្រូវឱ្យលោកឧកញ៉ា គា ធី ជីកកាយអាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់ ចេញវិញ ក្រោយបានចាក់ដីចូលដីចំណីប្រមាណជា១០ម៉ែត្រ។ ចំពោះរបងដែលបានសាងសង់ រំលោភចូលចំណីផ្លូវម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
BTvមិនអាចសុំការបំភ្លឺបានទេពីលោកឧកញ៉ា គា ធី ជុំវិញការផ្អាកសកម្មភាពសាងសង់របស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ។ កន្លងទៅ លោក កែវ សុខ មេឃុំស្រែអំបិល បានប្រាប់អ្នកសារព័ត៌មានថា សំណង់ផ្ទះត្រចៀកកាំ និងការចាក់ដីបំពេញការដ្ឋាន ពិតជារបស់លោកឧកញ៉ា គា ធី ប្រាកដមែន ប៉ុន្តែការសុំច្បាប់កម្រិតណានោះលោកមិនទាន់ចងចាំអស់នៅឡើយទេ ព្រោះឯកសារស្នើសុំច្រើនពេកអាចខ្វះចន្លោះ។
លោកមេឃុំស្រែអំបិល បន្ថែមថា លោកឧកញ៉ា គា ធី បានជួលដីអតីតទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសម្រាប់ការវិនិយោគចំនួន៥០ឆ្នាំ ចាប់តាំងពីដំណើរការការដ្ឋានលោករវល់ភារកិច្ចច្រើនក៏ពុំបានមានពេលវេលាចុពិនិត្យទីតាំងការដ្ឋាននោះទេ៕ អត្តបទ៖ ឈឹម មករា

