កាយសម្ព័ន្ធ៖ លោកស្រី ខៀវ សុភាព នាយិការសាលាបឋមសិក្សាសាលាលេខប្រាំ និងជាប្រធានក្លិបកីឡាកាយសម្ព័ន្ធតំណាងឲ្យខេត្តកំពង់ឆ្នាំង បានបង្ហាញមោទនភាពជាខ្លាំងចំពោះជោគជ័យរបស់កីឡាការិនី ម៉ូ ស្រីពៅ ដែលដណ្ដើមបានមេដាយប្រាក់ ៣គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
លោកស្រីបានប្ដេជ្ញានឹងបន្ដខិតខំអភិវឌ្ឍន៍ និងផលិតបាននូវធនធានល្អៗឲ្យបានច្រើនដូចកញ្ញា ស្រីពៅ បន្ថែមទៀត ដើម្បីឆ្ពោះទៅប្រកួតប្រជែងមេដាយជូនជាតិ និងជាតិមាតុភូមិ។ ថ្លែងប្រាប់ក្រុមការងារ BTV-News កាលពីថ្មីៗ ស្ដ្រីទើបបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកម្រិត១ និងបោះជំរំ ដែលរៀបចំដោយសហព័ន្ធបានឲ្យដឹងថា ក្លិបកីឡាកាយសម្ព័ន្ធរបស់ខ្លួនបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការគាំទ្ររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដោយចាប់ផ្ដើមពីកូនសិស្សចំនួន ៣២នាក់ក្នុងនោះក៏មានវត្តមានកីឡាការិនី ម៉ូ ស្រីពៅ ផងដែរ មុនកញ្ញាផ្លាស់ទៅរាជធានីភ្នំពេញដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ។
ក្នុងនាមក្លិបដើមដែលបានបណ្ដុះបណ្ដាលកីឡាការិនីវ័យក្មេងរូបនេះ ពិតជាមានមោទនភាពជាខ្លាំង ក្រោយកីឡាការិនី ម៉ូ ស្រីពៅ ដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ ពិសេសការដណ្ដើមបានមេដាយប្រាក់ ៣គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម បានធ្វើឲ្យលោកស្រីរំភើប និងតាំងចិត្តបន្ដការអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន ដើម្បីទទួលបាននូវធនធានល្អៗ និងមានមោទនភាព ដូច ស្រីពៅ តាមរយៈការដណ្ដើមបាននូវឧត្តមភាព និងកិត្តិយសជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនានា។
គួរដឹងថា កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធ ម៉ូ ស្រីពៅ ក្រោយចាកចេញពីក្លិបនៅសាលាបឋមសិក្សាសាលាលេខ៥ កញ្ញាត្រូវបានយកចិត្តទុកដាក់មើលថែ និងពង្រឹងការហ្វឹកហាត់យ៉ាងល្អពីសហព័ន្ធ ពិសេសកំឡុងបិទខ្ទប់ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យកីឡាការិនីរូបនេះមានគុណផលខ្ពស់ រហូតឈានទៅដណ្ដើមបានមេដាយប្រាក់ ៣គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាមកាលពីខែឧសភា ឆ្នាំ២០២២។ ហើយកាលពីចុងឆ្នាំកន្លងទៅ ស្រីពៅ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសរុប ៩០លានរៀលពីរាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ លី ឈុនឡា