ប៉ាគីស្ថាន៖ ផ្សារនៅក្នុងទីក្រុងធំៗរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធបានបដិសេធការណែនាំរបស់រដ្ឋាភិបាលថ្មី ដើម្បីបិទមុនកាលកំណត់ក្រោមការជំរុញឲ្យសន្សំសំចៃថាមពល នៅក្នុងការប៉ះទង្គិចដល់ផែនការរបស់ប្រទេសដែលបានជាប់គាំងសាច់ប្រាក់ ក្នុងការកាត់បន្ថយការនាំចូលថាមពលស្របពេលមានវិបត្តិសេដ្ឋកិច្ច។

សេចក្ដីណែនាំកាលពីថ្ងៃអង្គារបានបញ្ជាឲ្យផ្សារទំនើប និងភោជនីយដ្ឋានទាំងអស់បិទទ្វារនៅត្រឹមម៉ោង ៨.៣០យប់ដើម្បីសន្សំសំចៃប្រេង ដែលការនាំចូលរបស់ខ្លួនបានធ្វើឲ្យធនបំរុងបរទេសរបស់ប៉ាគីស្ថាន ធ្លាក់ចុះក្នុងកម្រិតមួយដែលអាចធានាលើតម្លៃនាំចូលសម្រាប់រយៈពេលតែមួយខែ។ ក្រុមអ្នកសារព័ត៌មាន Reuters នៅក្នុងទីក្រុងធំៗបំផុតរបស់ប្រទេសនេះដូចជាទីក្រុង Lahore, ទីក្រុងKarachi និងទីក្រុង Peshawar បានមើលឃើញផ្សារ និងផ្សារទំនើបស្ទើរតែទាំងអស់នៅតែបន្តបើកទ្វារហួសពីម៉ោងដែលបានកំណត់កាលពីថ្ងៃអង្គារ។
លោក Mohammad Ishaq ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Sarhad ដែលជាសមាគមពាណិជ្ជករនៅទីក្រុង Peshawar ភាគពាយ័ព្យប្រទេសបានប្រាប់សារព័ត៌មាន Reuters ថា យើងបដិសេធទាំងស្រុងនូវផែនការនេះដោយបន្ថែមថា អាជីវកម្មដែលប្រឈមនឹងបញ្ហាសន្តិសុខ និងកង្វះថាមពលនឹងប្រឆាំងទៅនឹងការប៉ុនប៉ង ដើម្បីបង្ខំឲ្យយើងអនុវត្តន៍តាម។ ម្ចាស់ហាងលក់សម្ភារៈកុមារនៅទីក្រុង Lahore ភាគខាងកើត លោក Muhammad Raza បាននិយាយថា គោលនយោបាយនេះនឹងសម្លាប់ខ្ញុំ និងមុខរបររបស់ខ្ញុំ ព្រោះថា ម៉ោងជាង ៨យប់គឺជាពេលវេលាដែលឪពុកម្ដាយនាំកូនៗពួកគេមកហាងខ្ញុំ៕
អត្ថបទ៖ សុខមាន