អឺរ៉ុប៖ ក្រុមមន្ត្រីសហភាពអឺរ៉ុបបានជំរុញយ៉ាងទទូចថា គ្រប់រដ្ឋជាសមាជិកទាំងអស់ត្រូវតែតម្រូវឲ្យមានលទ្ធផលតេស្តអវិជ្ជមាននៃវីរុស Covid-19 ពីគ្រប់អ្នកដំណើរជនជាតិចិន មុនពេលអនុញ្ញាតឲ្យពួកគេធ្វើដំណើរចូលទឹកនេះ។

ការធ្វើដំណើរទាំងចេញ និងចូលរបស់ប្រទេសចិនកាន់តែងាយស្រួលកាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃការលុបបំបាត់ចោលគោលនយោបាយគ្មានវីរុស Covid ឬ "zero-Covid"។ បច្ចុប្បន្នប្រទេសចិនកំពុងមើលឃើញករណីឆ្លងវីរុស Covid ហក់ឡើងខ្ពស់ ស្របពេលមានរបាយការណ៍នានា ស្ដីពីការផ្ទុកអ្នកជំងឺនៅមន្ទីរពេទ្យលើសចំនួនកំណត់ និងការបូជាសពកាន់តែច្រើន។ ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន បានដាក់ចេញវិធានការធ្វើតេស្តរួចទៅហើយ ទោះបីជាមានការណែនាំកាលពីពេលថ្មីៗនេះថា ការធ្វើតេស្តនេះមិនអាចយកជាការបានក៏ដោយ។
អនុសាសន៍កាលពីថ្ងៃពុធស្តីពីលទ្ធផលតេស្តអវិជ្ជមាន បានមកពីក្រុមឆ្លើយតបវិបត្តិនយោបាយសមាហរណកម្មរបស់សហភាពអឺរ៉ុប (IPCR) ដែលជាស្ថាប័នដែលបង្កើតឡើងដោយមន្ត្រីមកពីរដ្ឋាភិបាលទាំង 27 របស់សហភាពអឺរ៉ុប។ ការជំរុញនេះកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិនៃសហភាពអឺរ៉ុបបាននិយាយថា ភាគច្រើននៃរដ្ឋជាសមាជិកចំនួនបានអនុគ្រោះ ដល់ការរឹតបន្តឹងលើការមកដល់របស់ជនជាតិចិន។ ការរឹតត្បិតលើការធ្វើដំណើរទៅដល់របស់ជនជាតិចិន ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 បានធ្វើឲ្យចិនផ្ទុះកំហឹង និងប្ដេជ្ញាឆ្លើយតបលើបណ្ដាប្រទេសទាំងនោះវិញ៕
អត្ថបទ៖ សុខមាន