បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានវិលត្រលប់មកកាន់ទីលានហ្វឹកហាត់វិញ និងបានទទួលការស្វាគមន៍ដូចវីរបុរសដោយមិត្តរួមក្រុម និងក្រុមការងាររបស់ក្លិបបាល់ទាត់ Paris Saint Germain ក្រោយជួយក្រុមជំរើសជាតិរបស់ខ្លួនឈ្នះជើងឯកបាល់ទាត់ពិភពលោក។

Messi បានដើរចូលទីលានហ្វឹកហាត់ ដោយមានការឈរទះដៃអបអរសាទរពីមិត្តរួមក្រុម PSG។ នេះជាការត្រលប់មកហ្វឹកហាត់លើកដំបូងសំរាប់ Messi នៅ PSG ១៧ថ្ងៃបន្ទាប់ពីជួយក្រុមអាហ្សង់ទីនយកឈ្នះបារាំងដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងបានចំណាយពេលសម្រាកលំហែរកាយនៅស្រុកកំណើតរបស់ខ្លួន។
Messi និយាយថា គេមានអារម្មណ៍រីករាយ និងកក់ក្តៅចំពោះការត្រលប់មកវិញនេះ កក់ក្តៅដោយមិត្តរួមក្រុម និងក្រុមការងារទទួលស្វាគមន៍ ហើយក៏ត្រៀមខ្លួនរួចរាល់ដែរដើម្បីជួយក្រុមនៅការប្រកួតចំពោះមុខ។ PSG នឹងត្រូវជួបជាមួយក្រុមមកពីលីគទី៣ បារាំង Chateauroux នៅក្នុងការប្រកួតពានរង្វាន់ Coupe De France នៅថ្ងៃសុក្រស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ