ភ្នំពេញ៖ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា សម្រាប់វេទិកាការងារប្រចាំសប្តាហ៍ទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនធំៗជាង១០ នឹងបង្ហាញជូននូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជិត ១ពាន់កន្លែង។
លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករានេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឲ្យដឹងថា វេទិកានេះ បង្ហាញពីការរួមចំណែកយ៉ាងសំខាន់ជូនដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការដែលបានកំណត់។ ជាមួយគ្នានេះ លោកបានបង្ហាញគន្លឹះសំខាន់ៗមួយចំនួន ជូនដល់អ្នកស្វែងរកការងារថា មុននឹងសម្រេចដាក់ពាក្យបំពេញការងារណាមួយផ្លូវការ មុនដំបូងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់សិន ជាពិសេសត្រូវរៀបចំប្រវត្តិរូបសង្ខេប (CV) ឲ្យបានត្រឹមត្រូវ ដើម្បីសម្ភាសន៍ការងារឲ្យទទួលបានជោគជ័យ។
អ្នកនាង ម៉ិច សុជាតា ប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកនៃក្រុមហ៊ុន ឡាក់អេលីត គ្រុប និងលោក ស៊ន សុវណ្ណារ៉ូត តំណាងក្រុមហ៊ុនម៉ាស្ទ័រ ស៊ុគីស៊ុប បានលើកឡើងស្រដៀងគ្នា ចំពោះតម្រូវការកម្លាំងពលកម្មក្នុងពេលបច្ចុប្បន្ន នៅជួបការលំបាក ក្នុងការស្វែងរកបុគ្គលិកដែលមានលក្ខណៈសម្បត្តិពេញលេញអាចបំពេញមុខងារបាន ព្រោះអ្នកដាក់ពាក្យធ្វើការ និងបុគ្គលិកដែលកំពុងបំពេញការងារជាច្រើននាក់ មិនទាន់ស៊ីចង្វាក់គ្នានៅឡើយ។
សូមបញ្ជាក់ថា វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី






