បាល់ទាត់៖ អ្នកចាត់ការក្លិបសារិកាព្រៃ Newcastle លោក Eddie Howe បានច្រានចោលព័ត៌មានដែលចុះផ្សាយថា Cristiano Ronaldo អាចផ្លាស់មកកាន់ Newcastle ក្នុងលក្ខខណ្ឌខ្ចី។
សារព័ត៌មានមួយចំនួនបានចុះផ្សាយថា កិច្ចសន្យាលេងឱ្យក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nassr របស់ Ronaldo មានចងភ្ជាប់លក្ខខណ្ឌដែលអាចឱ្យ Newcastle ខ្ចីបានប្រសិនបើ Newcastle មានឱកាសលេង UEFA Champions League រដូវកាលក្រោយ។ លោក Eddie Howe បាននិយាយមុនការប្រកួតទល់នឹង Arsenal កាលពីយប់ថ្ងៃពុធថា លោកសូមជូនពរ Ronaldo ឱ្យជោគជ័យ តែព័ត៌មានដែលចុះផ្សាយនោះមិនពិតទេ។ Newcastle បច្ចុប្បន្នស្ថិតក្រោមការវិនិយោគរបស់ខ្សែរាជវង្សអារ៉ាប៊ីសាអ៊ូឌីតដែលមានប្រាក់រាប់ពាន់លានដុល្លារ។
រយៈពេល ១៥ខែក្រោមការវិនិយោគនេះ Newcastle បានចាប់ផ្តើមនាំចូលកីឡាករជាបន្តបន្ទាប់ ដើម្បីផ្លាស់ពីក្លិបដែលនៅក្បែរបាតតារាងមកជាក្លិបដែលប្រកួតប្រជែងនៅតំបន់ Top4។ Newcastle កំពុងឈរលេខ៣ នៅ Premier League តាមពីក្រោយ Manchester City និង Arsenal។ ចំណែក Cristiano Ronaldo អាចនឹងបង្ហាញខ្លួនដំបូងជាមួយក្លិបថ្មី Al Nassr នៅយប់ថ្ងៃព្រហស្បតិ៍នេះពេលជួបជាមួយ Al Ta’ee នៃក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ