WHO៖ អង្គការសុខភាពពិភពលោកនិយាយថា វីរុសកូរ៉ូណាបម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង បានបន្តរាលដាលពាសពេញសកលលោក។ នៅក្នុងការធ្វើបច្ចុប្បន្នភាពជំងឺរាតត្បាតប្រចាំសប្ដាហ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោកនិយាយថា ជំងឺ Covid-19 បម្លែងខ្លួនថ្មីមានប្រភពដើមចេញពីចក្រភពអង់គ្លេស ឥឡូវនេះត្រូវបានបញ្ជាក់នៅក្នុង ១៣៧ប្រទេស និងដែនដី គឺកើនឡើងចំនួន ៥ លើសពីសប្ដាហ៍មុន។
ជំងឺ Covid-19 បម្លែងខ្លួនថ្មីមានប្រភពដើមចេញពីអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៨៥ គឺកើនឡើង ៣ប្រទេស ឬដែនដីបន្ថែមទៀត។ ជំងឺ Covid-19 បម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងក្នុងប្រទេសប្រេស៊ីល ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន ៥២ ដែលមិនមានប្រែប្រួលពីសប្ដាហ៍មុនឡើយ។ ស្ថាប័នសុខភាពអន្តរជាតិមួយនេះ បានកំណត់ប្រភេទជំងឺបម្លែងខ្លួនថ្មីទាំងបីថាជាក្ដីបារម្ភថ្មី។ ទីភ្នាក់ងារនេះកំពុងតាមដានការឆ្លងរាលដាល នៃជំងឺបម្លែងខ្លួនថ្មីទាំងនេះយ៉ាងដិតដល់ ខណៈការផ្លាស់ប្ដូរហ្សែនរបស់ជំងឺទាំងនោះ អាចប៉ះពាល់ដល់ភាពស៊ាំរបស់មនុស្ស ហើយវីរុសអាចឆ្លងកាន់តែខ្លាំង។
អង្គការសុខភាពពិភពលោកនិយាយថា ចំនួនករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាកំពុងកើនឡើងនៅទូទាំងពិភពលោក។ អង្គការនេះនិយាយថា ការរីករាលដាលនៃជំងឺបម្លែងខ្លួនថ្មី និងការកើនឡើងនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ បាននាំឱ្យមានភាពធ្ងន់ធ្ងរកើនឡើងខ្លាំងក្នុងចំណោមមនុស្សវ័យជំទង់៕
អត្ថបទ៖ សុខមាន