ភ្នំពេញ៖ ជនបរទេសមួយចំនួនដែលបាននឹងកំពុងរស់នៅកម្ពុជា តាំងពីកំឡុងឆ្នាំ ២០០០ មកទល់ពេលបច្ចុប្បន្ន បានកោតសរសើរពីការរីកចម្រើននៅកម្ពុជា។ ពួកគេមើលឃើញថា កម្ពុជាកំឡុងពេលពួកគាត់មករស់នៅដំបូង និងពេលបច្ចុប្បន្ន គឺមានភាពផ្លាស់ប្ដូរ ៣៨០ដឺក្រេ ដោយសព្វថ្ងៃកម្ពុជាមានគ្រប់យ៉ាងទាំងអស់។
កម្ពុជាបានបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម កាលពីថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។ កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកំឡុងខែ ធ្នូ ឆ្នាំ ១៩៩៨។នេះជាប្រវត្តសាស្ត្រដែលបានចែងកត់ត្រាទុក។ ការបញ្ចប់របបប្រល័យពូជសាសន៍ ក៏ដូចជាការបញ្ចប់សង្រ្គាមស៊ីវិល បាននាំមកវិញនូវសន្តិភាព និងការរីកចំរើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។
ក្រៅពីពលរដ្ឋខ្មែរ សម្រាប់ជនបរទេសដែលបានមករស់នៅកម្ពុជារយៈពេលជាង ២០ឆ្នាំមកនេះ ក៏បានកត់សម្គាល់និងកោតសសើរ ចំពោះការផ្លាស់ប្ដូររីកចម្រើនរបស់កម្ពុជា។
លោក Angelo មកពីប្រទេសអ៊ីតាលី ដែលបានស្នាក់នៅកម្ពុជាប្រមាណ ២៣ឆ្នាំមកនេះ មើលឃើញថាកម្ពុជា មានការផ្លាស់ប្ដូរ ៣៨០ដឺក្រេនៅពេលសព្វថ្ងៃ។ លោកបញ្ជាក់ថា កាលគ្រាដែលលោកមកដល់កម្ពុជាដំបូង គឺកម្ពុជាជាប្រទេសឯកាពីប្រភពខាងក្រៅ ហើយតំបន់ខ្លះក៏គ្មានផ្លូវ និងអគ្គិសនីទៀតផង។ លោកជឿជាក់ថា កម្ពុជាទៅថ្ងៃអនាគត គឺនឹងកាន់តែប្រសើរ។
លើកឡើងដូចគ្នាផងដែរ សម្រាប់លោក Philippe មកពី Belgium ដែលបានធ្វើដំណើរចូលកម្ពុជា ក្នុងឆ្នាំ ១៩៩៩ និងបានស្នាក់នៅកម្ពុជាតាំងពីឆ្នាំ ២០០៣ និងមានគ្រួសារជាជនជាតិខ្មែរ លោកក៏មើលឃើញពីការរីកចំរើនជាខ្លាំងផងដែរ។
លោករម្លឹកអតីតកាលថា សម្រាប់រាជធានីភ្នំពេញមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ ខណៈបច្ចុប្បន្នរាជធានីភ្នំពេញរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលអាចនិយាយបានថាផ្លាស់ប្ដូរពីសូន្យ ទៅ ១០០។
ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នគឺទទួលបានពី កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមពីបាទដដៃទទេ ក្រោយផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៧មករា ឆ្នាំ ១៩៧៩។ គ្រានោះគឺកម្ពុជា ត្រូវកសាងប្រទេសជាតិឡើងវិញផង ត្រូវព្យាយាមទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ខ្មែរក្រហមផង ខណៈដែលសង្រ្គាមស៊ីវិលនៅបន្តអូសបន្លាយជាច្រើនឆ្នាំ។ សង្រ្គាមស៊ីវិលនៅកម្ពុជា ក៏ឈានដល់ការបិទបញ្ចប់នៅកំឡុងខែ ធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ ដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា៕ អត្ថបទ៖គឹមហុក