ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះបានផ្ដល់អាហារូបករណ៍ដោយឥតបង់ថ្លៃ ចំនួន ៩២១០ កន្លែងដល់សិស្ស។ ការផ្ដល់អាហារូបករណ៍នេះ បានបែងចែកចេញជា ៤អាទិភាព ក្នុងនោះ មានសិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាពតំបន់ដាច់ស្រយាល។ នេះបើតាមលោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រាប់ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។
វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណ និងគោលនយោបាយសំខាន់ៗ ដើម្បីលើកកម្ពស់ធនធានមនុស្ស និងបានចាត់ទុកការលើកកម្ពស់ធនធានមនុស្សគឺជាអាទិភាពចំបងជាងគេ។
តាមរយៈរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយទាំងនេះ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំរបស់ប្រទេសកម្ពុជាជាជំហានៗ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងសិស្សានុសិស្សអាចប្រកួតប្រជែងជាមួយយវុជនតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។
លោក គង់ ភូមីកា ថ្លែងថា៖«សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួងអប់រំ បានធ្វើការជ្រើសរើសបេក្ជនចំនួន ៩៤១០ នាក់ ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃសិក្សា ១០០ ភាគរយ។ ការផ្ដល់អាហារូបករណ៍នេះ យើងបានបែងចែកជា ៤ អាទិភាពសំខាន់ៗ គឺសិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាពតំបន់ដាច់ស្រយាល»។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបែបនេះ ក្រសួងអប់រំយុវជន និងកីឡា ក្នុងឆ្នាំ ២០២២-២០២៣ នេះ បានផ្ដល់អាហារូបករណ៍ជាង ៩ ពាន់កន្លែងដល់សិស្សក្រោយពីទទួលបានអាហារូបករណ៍ដោយឥតបង់ថ្លៃពីគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនប្រមាណ ៣៩ គ្រឹស្ថានសិក្សា៕អត្ថបទ៖ វ៉ន ដារ៉ា
