ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជី ឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ព្រម ទាំងអាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមសា លាឃុំ-សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំ ព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH ។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយ លក្ខណ៍អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ហើយនឹងបិទការ ប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣ ខែមករា នេះ ។
ពាក់ព័ន្ធនឹងការប្តឹងតវ៉ា អាចធ្វើឡើងបានក្នុងករណីបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។ ចំណែកការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ។
យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានបង្ហាញថា ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជី បោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី មានចំនួនជាង២៥ម៉ឺននាក់ និងអ្នកបានកែតម្រូវទិន្នន័យ មានជាង៦ម៉ឺននាក់ ៕
អត្ថបទ៖ សេក ឧត្តម