ភ្នំពេញ ៖ ប្រទេសចិន កាលពីថ្ងៃទី២១ ខែមេសា ម្សិលមិញនេះ បានផ្ដល់វ៉ាក់សាំង អុតក្ដាមចំនួន 10 ម៉ឺនកម្រិតដល់កម្ពុជាដើម្បីការពារការឆ្លង រាលដាលនៃជម្ងឺអុតក្ដាមលើគោក្របីនៅកម្ពុជា ។វ៉ាក់សាំងនេះ បានដឹកជញ្ជូនតាមជើងយន្តហោះចេញពីអាកាសយាន្តដ្ឋានអន្តរជាតិឡានស៊ូ ស៊ុងចួន ប្រទេសចិនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃដដែលនេះ យកមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
វ៉ាក់សាំងនេះ បានផលិតដោយក្រុមហ៊ុនចិនឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មនិងបសុជីវវិទ្យា មានទីតាំងនៅឡានស៊ូ ចាប់ផ្ដើមផលិតវ៉ាក់សាំងនេះ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ មក។អាជ្ញាធរចិនបានធ្វើតេស្តនិងធានាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះរួចហើយ។
សូមបញ្ជាក់ផងដែរថា ការផ្ដល់វ៉ាក់សាំងអុតក្ដាមនេះ គឺផ្នែកមួយនៃកម្មវិធី ផ្ដល់វ៉ាក់សាំងជាជំនួយឥតសំណង របស់ភាគីមិត្តចិន ក្នុងបរិមាណសរុបមក 20 ម៉ឺនកម្រិត កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ២០២១កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងសារទឹក សម្រាប់ចាក់ការពារជំងឺសារទឹកគោក្របី ចំនួន១០ម៉ឺនកម្រិតដែរ។
លទ្ធផលខាងលើជាការឆ្លើយតប ទៅនឹងសំណើរសុំការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២០ កន្លងមក។ ការគាំទ្ររបស់ភាគីមិត្ដចិន ឆ្លុះបញ្ចាំងអំពីមិត្តភាពនិងការគាំទ្រយូរអង្វែងរវាងកម្ពុជា និងប្រទេសចិន ដែលមានកន្លងមក និងឆ្ចុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តម វេន សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់ប្រឹងប្រែង និងគាំទ្រ វិស័យចិញ្ចឹមសត្វ និងទប់ស្ដាត់ ការឆ្លងរាលដាលជំងឺសត្វកន្លងមក។ វ៉ាក់សាំងទាំងនេះ និងចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺសត្វគោក្របីរបស់កសិករ ជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ ៕





