ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមជនបង្គោលប្រឆាំងអំពើពុករលួយគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត និងសាធារណជនទាំងអស់ថា នឹងរង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុង១សប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ខណៈគិតត្រឹមថ្ងៃទី៤ ខែមករានេះ មានក្រសួង-ស្ថាប័នចំនួន២ និងខេត្តចំនួន៩ ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន។
យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៥៥៥ ច្បាប់ ។ ហើយគិតត្រឹមថ្ងៃ ទី៤ នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៣,៨១៣ច្បាប់ ។
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា «ក្រសួង-ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន៖ - ក្រសួង-ស្ថាប័ន ចំនួន២ រួមមាន ទី១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទី២ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ រីឯខេត្ត ចំនួន ៩ នោះរួមមាន ១ ខេត្តប៉ៃលិន ២ ខេត្តមណ្ឌលគិរី ៣ ខេត្តកំពង់ស្ពឺ ៤ ខេត្តពោធិ៍សាត់ ៥ ខេត្តតាកែវ ៦ ខេត្តកំពង់ចាម ៧ ខេត្តសៀមរាប ៨ ខេត្តត្បូងឃ្មុំ ៩ ខេត្តកែប ។
អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់សម្គាល់ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ លេខ ០០៥/២២ ស.ជ.ណ. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា៖«ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយ សប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច»៕វ៉ន ដារ៉ា
