បាល់ទាត់៖ អតីតអ្នកចាត់ការតោខៀវ Chelsea, Roberto Di Matteo ត្រូវបានតែងតាំងជាទីប្រឹក្សាបច្ចេកទេសរបស់ក្លិបបាល់ទាត់កូរ៉េ Jeonbuk Motors នេះបើតាមសេចក្តីប្រកាសរបស់ក្លិបនៅលីគកំពូលកូរ៉េមួយនេះ។ Jeonbuk បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េ Kim Sang-sik បានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ២ ពីក្រោយ Ulsan Hyundai បន្ទាប់ពីឈ្នះជើងឯក ៥រដូវកាលជាប់គ្នា។
Roberto Di Matteo ធ្លាប់បានដឹកនាំ Chelsea ឈ្នះជើងឯក UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រ និងឈ្នះជើងឯក FA Cup ក្នុងរដូវកាលតែមួយនៅឆ្នាំ២០១២ ដោយនៅពេលនោះលោកត្រឹមជាអ្នកចាត់ការបណ្តោះអាសន្នបន្តពីលោក Andre Villas Boas ដែលត្រូវបានបណ្តេញចេញ។ ក្រោយមកអតីតកីឡាករជំរើសជាតិអ៊ីតាលីរូបនេះក៏ទទួលបានតំណែងដឹកនាំ Chelsea ពេញសិទ្ធនៅខែមិថុនា ឆ្នាំ២០១២ តែក៏ត្រូវបណ្តេញចេញវិញ ៥ខែក្រោយមក។ Roberto Di Matteo ក្រោយមកក៏ធ្លាប់បានដឹកនាំរយៈពេលខ្លីនៅក្លិបអាល្លឺម៉ង់ Schalke 04 និង Aston Villa ផងដែរ៕
អត្ថបទ៖នាង សុភាវុធ