អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីកំពុងមានគម្រោងប្រមូលទាហានបន្ថែមទៀតសម្រាប់ការវាយលុកថ្មី ទាំងដែលទីក្រុង Moscow នៅពេលនេះកំពុងប្រឈមការរិះគន់យ៉ាងខ្លាំងបំផុតនៅក្នុងប្រទេសលើសង្គ្រាម ក្នុងការវាយប្រហារកាលពីថ្ងៃឆ្លងឆ្នាំសកលដែលបានសម្លាប់ទាហានកេណ្ឌថ្មីជិត ៩០នាក់។

ទីក្រុង Kyiv បាននិយាយជាច្រើនសប្ដាហ៍មកហើយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មានផែនការបញ្ជាឲ្យកេណ្ឌកម្លាំងដ៏ច្រើនបន្ថែមទៀត និងបិទព្រំដែនដើម្បីរារាំងក្រុមបុរសៗកុំឲ្យគេចចេញពីការកេណ្ឌទ័ព។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់កាលពីថ្ងៃអង្គារថា យើងប្រាកដក្នុងចិត្តណាស់ថា មេដឹកនាំរុស្ស៊ីបច្ចុប្បន្ននឹងប្រើអ្វីគ្រប់យ៉ាងដែលពួកគេនៅសេសសល់ និងអ្នកទាំងអស់គ្នាដែលគេអាចប្រមូលមកបានដើម្បីបង្វែរទិសដៅសង្គ្រាម យ៉ាងហោចណាស់ក៏ពន្យារពេលដល់ការបរាជ័យរបស់ពួកគេដែរ។ យើងត្រូវតែបង្អាក់សេណារីយ៉ូមួយនេះរបស់រុស្ស៊ី ហើយរាល់ការប៉ុនប៉ងបើកការវាយប្រហារថ្មីៗ ណាមួយរបស់ពួកគេត្រូវតែបរាជ័យ៕
អត្ថបទ៖ សុខមាន