សៀមរាប៖ គ្រឹះស្ថានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ ក្នុងឆ្នាំ២០២២ និងរកចំណូលបានជាង ១១លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការវិលត្រឡប់នៃភ្ញៀវទេសចរបរទេស បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អលើវិបត្តិកូវីដ១៩ ដែលនាំឱ្យបើកប្រទេសឡើងវិញ។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា គ្រឹះស្ថានអង្គរ លើកឡើងថា រយៈពេល១២ខែ ឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
ចំពោះចំណូលចំនួន ១១,៥ លានដុល្លារ គ្រឹះស្ថានអង្គរ បានបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផា សរុបចំនួន ៥៧៤ ៩០៨ដុល្លារ។
ក្រសួងទេសចរណ៍ លើកឡើងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាអង្គរបានកើនឡើងបណ្តើរៗ បន្ទាប់ពីប្រទេសកម្ពុជា បានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ និងបានបើកច្រកព្រំដែនឡើងវិញយ៉ាងពេញលេញ។
បើតាមក្រសួងទេសចរណ៍ បច្ចុប្បន្ន រមណីដ្ឋានអង្គរ បានទាក់ទាញភ្ញៀវបរទេសពី ១ ៨០០ ទៅ ២,០០០ នាក់ក្នុងមួយថ្ងៃ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹង ៧០ នាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលជំងឺរាតត្បាតនៅឆ្នាំ២០២០ និង ២០២១។
មានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរដែលមានទំហំ ៤០០ គីឡូម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ ១៩៩២ ជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ រដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩។
កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេស ជាពិសេសទៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រអង្គរនៅប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្តជើងហោះហើរមកកាន់កម្ពុជា។
សូមបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ រមណីដ្ឋានអង្គរ បានទទួលភ្ញៀវអន្តរជាតិជាង ២,២ លាននាក់ក្នុងឆ្នាំ ២០១៩ រកចំណូលបាន ៩៩ លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ




