ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះបានផ្ដល់អាហារូបករណ៍ដោយឥតបង់ថ្លៃ ចំនួន ៩២១០កន្លែងដល់សិស្ស។ ការផ្ដល់អាហារូបករណ៍នេះ បានបែងចែកចេញជា ៤អាទិភាព ក្នុងនោះ មានសិស្សទូទៅសិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាពតំបន់ដាច់ស្រយាល។
នេះបើតាមលោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រាប់ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។
វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្រចតុកោណ និងគោលនយោបាយសំខាន់ៗ ដើម្បីលើកកម្ពស់ធនធានមនុស្ស និងបានចាត់ទុកការលើកកម្ពស់ធនធានមនុស្សគឺជាអាទិភាពចំបងជាងគេ។
តាមរយៈរយៈយុទ្ធសាស្ដ្រ និងគោលនយោបាយទាំងនេះ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំរបស់ប្រទេសកម្ពុជាជាជំហានៗ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងសិស្សានុសិស្សអាចប្រកួតប្រជែងជាមួយយុវជនតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។
តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបែបនេះ ក្រសួងអប់រំយុវជន និងកីឡា ក្នុងឆ្នាំ ២០២២-២០២៣ នេះ បានផ្ដល់អាហារូបករណ៍ជាង ៩ ពាន់កន្លែងដល់សិស្សក្រោយពីទទួលបានអាហារូបករណ៍ដោយឥតបង់ថ្លៃពីគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនប្រមាណ ៣៩ គ្រឹស្ថានសិក្សា៕ អត្ថបទ៖ វ៉ន ដារ៉ា