
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការងារចងក្រងពូជស្រូវ២ប្រភេទ ដែលពេញនិយម និងមានទីផ្សារល្អ ឱ្យស្របទៅតាមទស្សនៈទានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងប្រជាកសិករដែលជាអ្នកដាំដុះ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងតម្រូវការទីផ្សារ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ នេះថា ក្រសួងបានកំណត់នៅពូជស្រូវចំនួន ២ ប្រភេទរួចហើយ ដែលជាពូជស្រូវពេញនិយម និងមានទីផ្សារល្អរួមមាន៖ គឺពូជស្រូវសែនក្រអូប និងពូជស្រូវ O.M (៥៤,៥១)។
ឯកឧត្តម បន្តថា ចំពោះពូជស្រូវ សែនក្រអូប គឺបង្កើតឡើងដោយស្ថាប័នរបស់ខ្មែរសុទ្ធសាធ ហើយជាប្រភេទពូជស្រូវមិនប្រកាន់រដូវ និងផ្តល់ផលនៅក្នុងរយៈពេលខ្លី ហើយពូជស្រូវប្រភេទនេះ ក៏មានរសជាតិក្រអូប ស្ទើរតែដូចទៅនិងស្រូវផ្ការំដួល។ ចំពោះជំហានបន្ទាប់ ក្រសួងនឹងជំរុញការផលិតពូជទៅលើស្រូវសែនក្រអូប និងការចែកចាយពូជស្រូវ O.M ដែលជាពូជស្រូវមកពីប្រទេសវៀតណាម ជូនដល់កសិករក្នុងតម្លៃសមរម្យ។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា នៅពេលពូជស្រូវទាំងពីរប្រភេទខាងលើនេះ នៅពេលផលិតបាន ក្រសួងនឹងធ្វើការងារចងក្រងឱ្យស្របទៅតាមទស្សនៈទាន ជាមួយនិងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកកែច្នៃទិញស្រូវនេះឡើង៕ អត្ថបទ៖ សុន រ៉ាឌី

