កណ្ដាល៖ អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនីយភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែប្រវែង ៧១៥ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលម្សិលម៉ិញនេះថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចារបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។
ឯកឧត្តម បានលើកឡើងទៀតថា នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ ស្រុកល្វាឯមក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត របស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក "មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ " មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដ៏អាជ្ញាធរស្រុក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរ៕ អត្ថបទ៖ សៅ យ៉ាម៉ង់