កណ្ដាល៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ដែលជាប់និទ្ទេស A នៅស្រុកលើកដែក ចំនួន ៥នាក់ ទទួលបានរង្វាន់ម៉ូតូ Honda SCOPY-2023 ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល។
ថ្លែងនៅក្នុងឱកាសផ្តល់ជូនរង្វាន់នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងសាលាស្រុកលើកដែក ឯកឧត្តម ហេង រតនា បានសម្តែងនូវការអបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិហើយក៏បានផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្ស ដ៏សំខាន់ នាថ្ងៃខាងមុខ។
ឯកឧត្តមបានបន្តថា ក្មួយៗមិនត្រឹមតែរៀនឲ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឲ្យចេះ សម្រាប់ខ្លួនឯង ហើយក្មួយៗអាចមានឱកាសសិក្សា និងប្រឡងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើង មានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណ សន្តិភាព និងបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង្ស។
យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេក ចំពោះការខិតខំប្រឹងប្រែង របស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានរួមគ្នាសម្រេចបាន នូវភាពជោគជ័យដ៏ ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែង រៀនសូត្ររបស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់ លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជាមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ។
ក្រៅពីផ្តល់រង្វាន់ម៉ូតូជូនដល់សិស្សជាប់និទ្ទេសAម្នាក់មួយគ្រឿង ឯកឧត្តម ហេង រតនា ក៏បានផ្តល់ រង្វាន់ និងអំណោយដល់សិស្សានុសិស្សជាប់និទ្ទេសផ្សេង និងប្រឡងធ្លាក់រួមទាំងជូនដល់លោកគ្រូ អ្នកគ្រូផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ៕ អត្ថបទ៖ បាន ចក់







