អុកចត្រង្គ៖ ដោយទទួលបានការអនុញ្ញាត និងមានការគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងរៀបចំការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមករា ខាងមុខនេះ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធបានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនៅកម្ពុជានេះគឺមានអត្តពលិក ៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម មីយ៉ាន់ម៉ា ថៃ និងឡាវ។ ប៉ុន្ដែក្រៅពីការប្រកួត សហព័ន្ធក៏មានការរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់បណ្ដាប្រទេស ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
នាយកបច្ចេកទេសរបស់សហព័ន្ធដដែលបន្ដថា ទោះបីសហព័ន្ធពុំធ្លាប់មានបទពិសោធន៍រៀបចំការប្រកួតអន្ដរជាតិពីមុនក្ដី តែថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធបានប្ដេជ្ញានឹងរៀបចំ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះឲ្យទទួលបានជោគជ័យ ដើម្បីធានាបាននូវការត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងនាមម្ចាស់ផ្ទះ និងឆ្ពោះទៅរកជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនពេលខាងមុខ។
គួរដឹងថា អុកចត្រង្គគឺជាប្រភេទកីឡាប្រពៃណីរបស់កម្ពុជាមួយ ដែលត្រូវបានដាក់បញ្ចូលរួចរាល់ក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ តែដោយសារជាបទពិសោធន៍លើកដំបូង ទើបគណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ការគាំទ្រដល់សហព័ន្ធ ដើម្បីរៀបចំការប្រកួតជាលក្ខណៈ Pre-SEA Games នេះឡើងក្នុងគោលបំណងជំរុញការត្រៀមលក្ខណៈឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅរៀបចំការប្រកួតផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនៅសល់រយៈពេល ១១៩ថ្ងៃទៀតប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា