វាយកូនឃ្លីលើតុ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលើកទី២ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃ ខណៈសហព័ន្ធបានយកវេទិការប្រកួតថ្នាក់ជាតិនេះ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ឆ្នាំ២០២៣ នាចុងសប្ដាហ៍នេះផងដែរ។
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២២ និងលើកមករៀបចំនៅដើមឆ្នាំ២០២៣ នេះបានដំណើរការប្រកួតរយៈពេល ៤ថ្ងៃពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមករា ដោយមានកីឡាករ-កីឡាការិនីជិត ១០០នាក់មកពី ១៥សមាគម/ក្លិបទូទាំងប្រទេសចូលរួម ដែលធ្វើការប្រកួតលើ ៨វិញ្ញាសានៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។ ថ្លែងក្នុងពិធីបិទការប្រកួតនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ក៏ដូចជាគណៈកម្មការរៀបចំការប្រកួត។ អ្វីដែលគួរឲ្យកត់សម្គាល់គឺការប្រកួតឆ្នាំនេះ មានសមាគម/ក្លិបថ្មីៗចូលរួមច្រើនដែលជាសញ្ញាណមួយដ៏ល្អ សម្រាប់វិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ។
ឯកឧត្តមបន្ដថា គោលដៅសំខាន់នៃការរៀបចំការប្រកួតប្រចាំឆ្នាំនេះ មានអត្ថន័យ ២ ទី១-ការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីផង និងមន្ដ្រីបច្ចេកទេសផង និងទី២-ដើម្បីអបរសាទរទិវាជ័យជម្នះ ៧មករាផង ព្រោះបើគ្មានថ្ងៃជ័យជម្នះនេះទេ ក៏គ្មានថ្ងៃនេះ ហើយក៏គ្មានការជួបសប្បាយ និងលេងកីឡានេះដែរ។ ដូច្នេះថ្ងៃ ៧មករាគឺជាថ្ងៃដ៏សំខាន់បំផុតដែលត្រូវចងចាំ និងដឹងគុណ។
ទន្ទឹមជាមួយគ្នាក្នុងនាមប្រធានសហព័ន្ធ និងក្រោមម្លប់សន្ដិភាពនៃសម័យតេជោ ឯកឧត្តមបានប្ដេជ្ញាខិតខំបន្ដដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសផែនការចំពោះមុខដែលសហព័ន្ធនឹងពង្រីកសកម្មភាពឲ្យកាន់តែផុសផុលតាមវិទ្យាល័យនានា។ អ្វីដែលរឹតតែអស្ចារ្យគឺការត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នាពេលដ៏ខ្លីខាងមុខ ធ្វើយ៉ាងណាឲ្យការប្រកួតនេះទទួលបានជោគជ័យ ទាំងការរៀបចំ និងសមិទ្ធផលជូនជាតិក្នុងនាមម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕
អត្ថបទ៖ លី ឈុនឡា