បាល់ទាត់៖ តារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ទំនងជាមិនអាចបង្ហាញខ្លួនប្រកួតដំបូងឱ្យ Al Nassr បានឡើយ ដោយសារក្លិបអារ៉ាប៊ីសាអ៊ូឌីតមួយនេះលើសចំនួនកំណត់កីឡាករបរទេស នេះបើតាមប្រភពព័ត៌មានពី AFP។

នៅពេលដែលអតីតខ្សែប្រយុទ្ធ Manchester United រូបនេះបង្ហាញខ្លួនកាលពីថ្ងៃអង្គារនៅចំពោះមុខអ្នកគាំទ្រ កីឡាករវ័យ ៣៧ឆ្នាំរូបនេះចង់ចូលលេងកាន់តែឆាប់កាន់តែល្អ ជាពិសេសការប្រកួតរបស់ Al Nassr ទល់នឹង Al Ta’ee ក្នុងដីរបស់ខ្លួនថ្ងៃនេះ។ តែ Ronaldo ដែលមានប្រាក់ឈ្នួលប្រមាណ ២០០ដុល្លារក្នុងមួយឆ្នាំគឺជាកីឡាករបរទេសទី៩ របស់ Al Nassr ដែលនេះជាចំនួនលើសពីការកំណត់ របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតដែលអនុញ្ញាតត្រឹម ៨នាក់។ ការប្រកួតរបស់ Al Nassr គ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ តែត្រូវលើកមកថ្ងៃសុក្រនេះវិញដោយសារបញ្ហាអគ្គិសនីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
មន្ត្រីក្លិប Al Nassr ម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា Al Nassr មិនទាន់បានចុះឈ្មោះ Ronaldo នៅឡើយ ពោលគឺតម្រូវឱ្យកីឡាករបរទេសម្នាក់របស់ក្លិបចាកចេញសិន។ កីឡាកររបស់បរទេសរបស់ Al Nassr រួមមានអ្នកចាំទីកូឡុំប៊ី David Ospina, ខ្សែបម្រើប្រេស៊ីល Luiz Gustavo, ខ្សែប្រយុទ្ធប្រេស៊ីល Anderson Talisca និងខ្សែប្រយុទ្ធកាមេរូន Vincent Aboubakar ជាដើម។ សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតមួយបានចុះផ្សាយថា ខ្សែបម្រើអ៊ូសប៊ែគីស្ថាន Jaloliddin Masharipov ទំនងជាកីឡាករដែលត្រូវចាកចេញបើកផ្លូវឱ្យម្ចាស់ជ័យលាភី Ballon d’Or ៥លើករូបនេះ៕
អត្ថបទ៖នាង សុភាវុធ