ស្វីស៖ ប្រទេសស្វីសកំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីប្រទេសនេះបង្កើនគោលនយោបាយទប់ស្កាត់វីរុស COVID-19 របស់ខ្លួនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

យោងតាមគោលនយោបាយទប់ស្កាត់វីរុស COVID-19 ដែលត្រូវបានកែសម្រួលថ្មីៗ ពលរដ្ឋចិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញទៅបរទេស។ ទោះបីជាបណ្ដាប្រទេសជាង ១០ កំពុងអនុវត្តវិធានការចាំបាច់មុនចូលក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 លើអ្នកដំណើរជនជាតិចិន ប្រទេសស្វីសបាននិយាយថា ខ្លួនពុំមានផែនការបែបនោះទេ។ ក្រុមអាជ្ញាធរសុខភាពសាធារណៈស្វីសបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ននៃវីរុស COVID-19 នៅក្នុងប្រទេសចិនពុំបានគំរាមកំហែងដល់ប្រព័ន្ធសុខភាពស្វីសទេ ទោះបីជាប្រទេសស្វីសនៅតែកំពុងតាមដានសម្រាប់ការសម្រេចចិត្តនៅកម្រិតអឺរ៉ុប។
ប្រធានក្រុមហ៊ុនទេសចរ Greater China of Switzerland Tourism លោកស្រី Daniela Chiani បាននិយាយថា យើងត្រូវតែស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់អ្នកដំណើរទេសចរចិន។ ដោយយោងទៅលើភាពធូរស្រាលនៃទីផ្សារសេដ្ឋកិច្ចចិន Greater China យើងគិតថា យើងនៅតែត្រូវរក្សាភាពអត់ធ្មត់បន្តិច។ យើងរំពឹងថានឹងទទួលបានកំណើនភ្ញៀវទេសចរចិន ៤៣% នៅឆ្នាំ២០២៣ នេះ ហើយនៅឆ្នាំ២០២៤ អាចនឹងទទួលបានប្រមាណ ៨០%។ ចំណែកប្រទេសថៃវិញក៏បាននិយាយផងដែរកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងពុំចាំបាច់អនុវត្តន៍វិធានការរឹតត្បិតនៃវីរុស COVID-19 ដូចជាការធ្វើតេស្តពេលមកដល់ ឬដាក់ឲ្យនៅដាច់ដោយឡែកលើការមកដល់របស់អ្នកដំណើរមកពីចិនទេ៕
អត្ថបទ៖ សុខមាន