ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក រួមទាំងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ប្រមាណជា២០០នាក់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឫហៅថា របបប្រល័យពូជសាសន៍ ដែលដឹកនាំដោយពួកខ្មែរក្រហម ស្ថិតនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់ របស់យើងបានឆ្លងកាត់នោះដែរ។ ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បីមិនឱ្យកើតឡើងសារជាថ្មី។ មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។
ជាមួយគ្នានេះ លោកតាលោកយាយ ដែលធ្លាប់ឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកឡើងថា កាលពីសម័យនោះ រស់នៅដូចសត្វធាតុប្រើកំលាំងធ្វើពលកម្ម ហូបចុកមិនគ្រប់គ្រាន់ និងការធ្វើទារុណកម្មជាដើម។ ក្រៅពីនេះ ពួកគាត់បន្តថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាពពេញបូរិណ៍ រស់នៅមានភាពសុខស្រួល មិនពិបាកដូចសម័យប៉ុលពតនោះទេ ទាំងនេះគឺដោយសារមានគណបក្សប្រជាជកម្ពុជា ជាអ្នករំដោះប្រជាពលខ្មែរពីសម័យកាលដ៏ខ្មៅងងឹត។
សម្រាប់យុវជន បានលើកឡើងដែរថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ប្តេជ្ញាចិត្តចូលថែរក្សាសន្តិភាពដែលកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ហើយដាច់ខាតមិនឱ្យក្រុមអគិតណាមួយមកបំភ្លេចជាដាច់ខាត។ លើសពីនេះ ពួកគាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល ពេលមកគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកផងដែរ។
ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលរៀបចំដោយ ស.ស.យ.ក ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតី យុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍៕ អត្ថបទ៖ទូច សោភ័ណ














