រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា បានបញ្ជាឲ្យមានបទឈប់បាញ់រយៈពេល ៣៦ម៉ោងនៅក្នុងប្រទេសអ៊ុយក្រែនអំឡុងឱកាសបុណ្យណូអែល ជាសកម្មភាពមួយដែលត្រូវបានទាត់ចោលភ្លាមៗដោយទីក្រុង Kyiv និងសម្ព័ន្ធមិត្ត ដោយលើកឡើងថា លោក Putin គ្មានបំណងស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមទេ គ្រាន់តែចង់មានពេលវេលាសម្រាក និងមានបំណងបញ្ឈប់ការវាយលុករបស់អ៊ុយក្រែនប៉ុណ្ណោះ។

ការណែនាំរបស់លោក Putin ដល់ទាហានរបស់លោកត្រូវបានប្រកាសឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុង Moscow បានរងការវាយប្រហារដ៏ធ្ងន់ធ្ងរដែលបានបាត់បង់ជីវិតទាហានកេណ្ឌថ្មីជិត ៩០នាក់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុមអ្នកគាំទ្ររបស់អ៊ុយក្រែនប្ដេជ្ញាបញ្ជូនរថយន្តយោធា និងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូតលើកទី២ ជាជំនួយទៅកាន់ទីក្រុង Kyiv។ ប្រទេសទាំង២ នឹងប្រារព្ធពិធីបុណ្យអ៊ុតូដុកណូអែល (Orthodox Christmas) ហើយបទបញ្ជារបស់មេដឹកនាំរុស្ស៊ីមានឡើង ក្រោយការអំពាវនាវឲ្យមានបទឈប់បាញ់ពីប្រធានាធិបតីទួរគី Recep Tayyip Erdogan និងប្រមុខព្រះវិហារនិកាយអ៊ុតូដុកលោក Patriarch Kirill ដែលជាអ្នកគាំទ្រដ៏រឹងមាំរបស់លោក Putin។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ដោយគោរពដល់ការអំពាវនាវរបស់ប្រមុខនិកាយអ៊ុតូដុកលោក Patriarch Kirill ខ្ញុំបានណែនាំដល់រដ្ឋមន្ត្រីការពារជាតិសហព័ន្ធរុស្ស៊ី ឲ្យអនុវត្តន៍បទឈប់បាញ់នៅទូទាំងខ្សែបន្ទាត់ទំនាក់ទំនងរវាងភាគីទាំង២ នៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា បុណ្យណូអែលនឹងចាប់ផ្ដើមនៅពេលថ្ងៃត្រង់ថ្ងៃសុក្រ ទី៦ មករា និងបញ្ចប់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន