បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចក្នុងការនាំយកខ្សែការពារបារាំង Benoit Badiashile ពីក្លិបនៅលីគបារាំង AS Monaco ក្នុងតម្លៃ ៣៥លានផោនជាមួយនឹងកិច្ចសន្យារយៈពេលវែងដល់ទៅ ៧ឆ្នាំកន្លះ។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានចំណាយពេល ៥រដូវកាលនៅក្របខណ្ឌលីគកំពូលបារាំង Ligue 1 និងបានបង្ហាញខ្លួនសរុប ១៣៥ប្រកួតជាមួយ Monaco។ ខ្សែការពារកណ្តាលរូបនេះធ្លាប់បានបង្ហាញខ្លួន ២ប្រកួតជាមួយក្រុមជំរើសជាតិបារាំងកាលពីខែកញ្ញាឆ្នាំមុន ពេលជួបជាមួយអូទ្រីស។ Benoit Badiashile បានផ្លាស់ទៅកាន់ Monaco កាលពីឆ្នាំ២០១៦ និងចូលលេងប្រកួតដំបូងទល់នឹង Paris Saint Germain កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែល Monaco នៅពេលនោះស្ថិតក្រោមការដឹកនាំរបស់អតីតខ្សែប្រយុទ្ធបារាំង Thierry Henry។
ការមកដល់របស់ Badiashile ស្របពេលដែល Chelsea កំពុងប្រឈមនឹងបញ្ហាខ្សែការពារដែលមានកីឡាករជាច្រើនកំពុងមានរបួសរួមមាន៖ Wesley Fofana, Reece James និង Ben Chilwell។ Chelsea កំពុងឈរលេខ ១០ នៅ Premier League បន្ទាប់ពីចាញ់ Manchester City ក្នុងដីខ្លួនឯងយប់មិញ ១-០៕
អត្ថបទ៖នាង សុភាវុធ