កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ ផ្លូវចេញចូលផ្សារពង្រ ស្រុករលាប្អៀរចំនួន៧ខ្សែ ដែលតភ្ជាប់ពីផ្លូវ១៥៣c ត្រូវបានអាជ្ញាធរស្រុករលាប្អៀរ និងកម្លាំងចំរុះ ចុះបើកឡើងវិញអោយមានចរាចរណ៍ទៅមកដូចពេលមុន ក្រោយពីផ្លូវទាំង៧ខ្សែនេះ ត្រូវបានអាជិវករមួយចំនួន បានបិទយកជាកម្មសិទ្ធិអស់ជាច្រើនឆ្នាំ។ ក្នុងយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ និងបើកផ្លូវនេះ ក៏មានការចូលរួមពីអាជីវករក្នុងផ្សារទាំងអស់ ដោយពុំមានការតវ៉ាណាមួយឡើយអោយប៉ះពាល់ដល់ការរៀបចំនេះទេ។
លោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ ដែលបានដឹកនាំក្រុមការងារបានបញ្ជាក់ថា៖ ក្រោយពីបានជម្រាបជូនដំណឹងអោយអាជីវករដែលលក់លៀនលយ អាជីវករដែលបិទផ្លូវចេញចូលផ្សារពង្រទាំង៧ផ្លូវអស់រយៈពេល១ខែមកហើយនោះ ឃើញថា ការលក់ដូរគ្មានសណ្តាប់ធ្នាប់ និងការបិទផ្លូវចេញចូលផ្សារ គឺនៅដដែល ដោយមិនមានការរៀបចំឡើយ។ ក្រោយពីមានការឯកភាពពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, ឯកឧត្តម អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀររួចមក កម្លាំងអាជ្ញាធរស្រុរលាប្អៀរ កម្លាំងនគរបាលស្រុកខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកខេត្ត ប្រមាណ៥០នាក់ បានចុះចាត់វិធានការរដ្ឋបាល ដោយបានរុះរើសំយ៉ាបលៀនលយចូលផ្លូវលេខ១៥៣c និងបានបើកផ្លូវចេញចូលផ្សារពង្រទាំង៧ផ្លូវដែលអាជីវករយកជាកម្មសិទ្ធិ ដោយបានធ្វើទ្វាបិទបាំងដោយខ្លួនឯង ការសង់បង្គន់នៅតាមផ្លូវ ការសង់ផ្ទះបាយនៅតាមផ្លូវ និងការដាក់សម្ភារៈលក់ដូរនៅតាមផ្លូវទាំង៧នោះ ត្រូវបានរុះរើចេញទាំងអស់ ដោយមិនទុកអោយមានតទៅទៀតឡើយ។
នៅក្នុងកិច្ចប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ និងបើកផ្លូវផ្សារពង្រទាំង៧ផ្លូវនេះ គឺពុំមានការប្រឆាំងតវ៉ាពីសំណាក់អាជីវករណាម្នាក់ឡើយ ដោយពួកគាត់បានចូលរួមសហការជាមួយអាជ្ញាធរស្រុក និងកម្លាំងចំរុះផងដែរ។ គួរជម្រាបជូនថា ផ្លូវចេញចូលផ្សារពង្រទាំង៧ខ្សែនេះ ជាផ្លូវចេញចូលរបស់អ្នកប្រជាពលរដ្ឋដែលមកទិញសម្ភារៈ នំចំណីពីក្នុងផ្សារពង្រ និងជាផ្លូវដ៏សំខាន់បំផុតសម្រាប់ឡានទឹកចូល ឬអូសទុយោទឹកចូលផ្សារពេលមានអគ្គីភ័យឆេះផ្សារ និងអាចជួយអន្តរាគមន៍ទាន់ពេលវេលាពីក្រុមពន្លត់អគ្គីភ័យ។ ដោយសាររដូវប្រាំងបានឈានមកដល់ ដូចនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជំរុញគ្រប់ក្រុងស្រុកទាំង៨ ត្រូវយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់ក្នុងផ្សារ ការបិទផ្លូវសាធារណៈនានា ត្រូវតែបើវិញទាំងអស់វិញផងដែរ៕ ដោយ : ហុង វាស្នា











