ភ្នំពេញ៖ ស្របពេលថ្ងៃទី៧ មករាស្អែកនេះ នឹងមានការរៀបចំពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត ឬហៅថា របបខ្មែរក្រហម មានបណ្តាអ្នកនយោបាយវ័យក្មេង លើកឡើងថា ចំពោះប្រវត្តិសាស្រ្តរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ គឺជាភស្តុតាង ដែលនាំឲ្យប្រជាជននៅរស់រានមានជីវិតពីរបបមួយនេះ មានសិទ្ធិសេរីភាព រួមទាំងឱកាសចូលរួមការអភិវឌ្ឍប្រទេស តាមរយៈការចូលរួមប្រកួតប្រជែងលើឆាកនយោបាយក្រោមការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺការបោះឆ្នោត។
លោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទួលស្គាល់ថា ថ្ងៃ ៧ មករា ជាតឹងតាងជាក់ស្តែងនៃការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវឱកាសសម្រាប់អ្នកនយោបាយចម្រុះពណ៌បានជជែកគ្នាដោយបើកចំហរ។
ជាមួយការទទួលស្គាល់ថ្ងៃ ៧ មករា របស់លោក ពេជ្យ ស្រស់ គឺលោកបានសំអាងលើការជួយសង្គ្រោះឲ្យក្រុមគ្រួសាររបស់លោកនៅរស់រានមានជីវិត និងចាកផុតពីការកាប់សម្លាប់យ៉ាងរង្គាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកឡើងថា ថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃដែលបាននាំឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងជាស្ពានធ្វើឱ្យអ្នកនយោបាយគ្រប់និន្នការមានឱកាសចូលរួម ដើម្បីប្រកួតប្រជែង និងកសាងលទ្ធិប្រជាធិបតេយ្យ តាមរបបលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ក្នុងរយៈពេល៤៤ឆ្នាំមកនេះ កម្ពុជាបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ រួមទាំងខិតខំស្តារកសាង អភិវឌ្ឍន៍មាតុភូមិចេញពីគំនរផេះផង់ ពុះពារស្វែងរកសន្តិភាព ការផ្សះផ្សារជាតិផងដែរ៕ អត្ថបទ៖សេក ឧត្តម